FTC ប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ អំពី «ជំនាញថតរូប» ជំនាន់ទី៥

20-12-2025 16:07

(ភ្នំពេញ)៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (FTC) នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ បានប្រគល់វិញ្ញាបនបត្រជូនដល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងវគ្គសិក្សាពិសេសអំពី «ជំនាញថតរូប» ជំនាន់ទី៥។

វគ្គបណ្តុះបណ្តាលនេះ បង្រៀនដោយ លោក ហេង ស៊ីនិត្យ គ្រូបង្គោលផ្នែកបណ្តុះបណ្តាលជំនាញថតរូប។ រាល់សិក្ខាកាម ដែលបានបញ្ចប់ការសិក្សា ក៏បានបង្ហាញទឹកមុខពោរពេញដោយស្នាមញញឹម និងមានទំនុកចិត្ត ក្រោយទទួលបានការបណ្តុះបណ្តាលនៅ FTC។ វគ្គសិក្សានេះ ដែលបានបញ្ចប់ មានសិក្ខាកាមចូលរួមសិក្សាចំនួន ១៣នាក់ ក្នុងនោះមានទាំងអ្នកសារព័ត៌មាន មន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុន អាជីវករ គ្រូបង្រៀន ក៏ដូចជាសិស្សនិស្សិតផងដែរ។

ជំនាញថតរូប មានសារសំខាន់ណាស់ក្នុងបរិបទការងារនាពេលបច្ចុប្បន្ន មិនមែនតែសម្រាប់សារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានតួនាទីយ៉ាងចាំបាច់សម្រាប់ស្ថាប័នរដ្ឋ និងឯកជន។ ក្នុងសម័យឌីជីថល និងក្នុងពេលដែលបណ្តាញសង្គមរីកចម្រើនយ៉ាងឆាប់រហ័ស រូបភាពគឺជាឧបករណ៍ទំនាក់ទំនងដ៏មានឥទ្ធិពលខ្លាំង ដែលអាចបញ្ជូនព័ត៌មាន អារម្មណ៍ និងសារសំខាន់នៃព្រឹត្តិការណ៍មួយ បានលឿន និងច្បាស់លាស់ជាងពាក្យសរសេរ។ រូបថតល្អ មានសមត្ថភាពបង្កើនភាពជឿជាក់ លើកកម្ពស់គុណភាពការងារ និងជួយឱ្យសារព័ត៌មាន ឬស្ថាប័ននានា ទទួលបានការចាប់អារម្មណ៍ពីសាធារណជនកាន់តែច្រើន។

លោកក៏បានគូសបញ្ជាក់ថា ការមានជំនាញថតរូបប្រកបដោយវិជ្ជាជីវៈ គឺជាគុណវុឌ្ឍិបន្ថែមដ៏មានតម្លៃ សម្រាប់ការប្រកួតប្រជែងក្នុងទីផ្សារការងារបច្ចុប្បន្ន និងអនាគត ព្រមទាំងជួយឱ្យអ្នកប្រើប្រាស់ជំនាញនេះ អាចបំពេញការងារបានយ៉ាងមានប្រសិទ្ធភាព ប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈផងដែរ។

លោក ហេង ស៊ីនិត្យ បានអរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះតាំងពីដើមរហូតដល់បញ្ចប់វគ្គសិក្សា និងទទួលវិញ្ញាបនបត្រ នាពេលនេះ។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងយកចំណេះដឹងអំពី «ជំនាញថតរូបក្នុងវិជ្ជាជីវៈសារព័ត៌មាន» នេះ ទៅប្រើប្រាស់តាមតម្រូវការ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈផងដែរ។

មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន Fresh News (Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក នៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជា ចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធិ ជាប្រធាន ដែលលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន ជិត ៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើន ដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មាន នៅសាកលវិទ្យាល័យមីឈីហ្គែន (University of Michigan) និងសាកលវិទ្យាល័យមែរីលែន (University of Maryland) ក្នុងសហរដ្ឋអាមេរិកផងដែរ៕