គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ចូលរួមគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ប៊ុង តុងធៀន ដែលបានពលីជីវិតលើសមរភូមិ

20-12-2025 16:08

(បាត់ដំបង)៖ គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ លោកនាយចំណង់ ប៊ុង តុងធៀន អត្តលេខ ២៧១១២៤ វរៈកងទ័ព កងការពារព្រំដែន ៤០២ យោធភូមិភាគទី៤ បានពលីជីវិតលើសមរភូមិ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជន្មាយុ ២០ឆ្នាំ ពិធីបុណ្យប្រារព្ធធ្វើនៅលំនៅដ្ឋានគ្រួសារនៃសព ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា ជាក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពជុំវិញខេត្ត សូមចូលរួមរំលែកទុក្ខ និងសេចក្តីសោកសង្រេង ព្រមទាំងសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយលោក ប៊ុង ឃីម និងអ្នកស្រី ឆាយ អាំងខេន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ លោកនាយចំណង់ ប៊ុង តុងធៀន ដែលត្រូវជាកូនបង្កើតជាទីស្រឡាញ់និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លា។

ក្នុងបរិយាកាសប្រកបដោយក្តីរំជួលចិត្ត និងទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំសូមឱនកាយលើកហត្ថ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធិទាំងឡាយក្នុងលោក និងតេជៈ បារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកនាយចំណង់ ប៊ុង តុងធៀន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្ត កុំបីឃ្លៀងឃ្លាតឡើយ៕