មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម៖ វិស័យឧស្សាហកម្ម ផ្ដល់ការងារជូនប្រជាពលរដ្ឋប្រមាណ ១២,៣៣៦នាក់ ក្នុងរោងចក្រ ២៣កន្លែង នៅខេត្តកំពត
20-12-2025 16:10
(កំពត)៖ លោកបណ្ឌិត ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានបញ្ជាក់ថា រោងចក្រនៅខេត្តកំពត មានចំនួន២៣ និងបានផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជា ប្រមាណ១២,៣៣៦នាក់ ដែលនេះ បានសបញ្ជាក់ពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម របស់ខេត្តកំពត ហើយវាក៏បានរំលេចនូវការខិតខំប្រឹងប្រែង របស់មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ក៏ដូចជារដ្ឋបាលខេត្តកំពតទាំងមូលផងដែរ។
មានប្រសាសន៍បែបនេះ ខណៈលោករដ្ឋលេខាធិការ ទឹង ស៊ីនី ចូលរួមជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលា ស្ដីពីការវិភាគ ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យ ក្នុងរោងចក្រ និងសិប្បកម្ម នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត។ ដោយចូលរួម ពីសំណាក់ប្រតិភូអមដំណើរ លោកស្រី សុឹម ណារី ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត ព្រមទាំងមន្ត្រីពាក់ព័ន្ធ លោក-លោកស្រី ជាតំណាងក្រុមហ៊ុន រោងចក្រ និងសិប្បកម្ម។
លោករដ្ឋលេខាធិការ បន្តលើកឡើងទៀតថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមគ្គទេសដ៏ឆ្នើម តែងតែបន្តយកចិត្តទុកដាក់ លើសុខមាលភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាកម្មករ និយោជិក នៅតាមបណ្ដារោងចក្រ សហគ្រាស និងសិប្បកម្មទូទាំងប្រទេស។
ក្រសួងបានបន្តខិតខំប្រឹងប្រែងលើកកម្ពស់វិស័យឧស្សាហកម្ម តាមរយៈការដាក់ចេញនៅយន្តការជាបន្តបន្ទាប់។ ក្នុងចំណោមយន្តការទាំងនោះ ក៏មានរួមបញ្ចូលការអភិវឌ្ឍន៍បណ្ដុះបណ្ដាលធនធានមនុស្ស និងការធ្វើប្រសើរឡើង នូវសុវត្ថិភាពកម្មករ និងសុវត្ថិភាពប្រតិបត្តិការក្នុងទីតាំងប្រតិកម្ម ក្នុងវិស័យឧស្សាហកម្ម។ ក្រោមយន្តការនេះ ក្រសួងបានបន្តរៀបចំសិក្ខាសាលានៅតាមបណ្ដារាជធានី-ខេត្ត ជាបន្តបន្ទាប់។ ហើយការរៀបចំវគ្គបណ្ដុះបណ្ដាលក្នុងថ្ងៃនេះ គឺធ្វើឡើងក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធន៍ ស្ដីពីការវិភាគ ការវាយតម្លៃ និងការគ្រប់គ្រងហានិភ័យ ក្នុងរោងចក្រនិងសិប្បកម្ម ជូនវិស័យឯកជន៍ កម្មករ អ្នកបញ្ជាគ្រឿងចាក់ គ្រឿងម៉ាស៊ីន តាមបណ្ដារោងចក្រសហគ្រាស ឲ្យបានយល់ដឹង អំពីការគ្រប់គ្រងសុវត្ថិភាព និងប្រសិទ្ធភាព ក្នុងការអនុវត្តការងារ ឱ្យស្របទៅតាមលក្ខណៈបច្ចេកទេស
ដើម្បីបញ្ជៀស និងបង្ការគ្រោះថ្នាក់ ដែលអាចកើតមានឡើងនៅទីកន្លែងផលិតកម្ម ធ្វើឲ្យបាត់បង់អាយុជីវិតកម្មករ និងខូចខាតទ្រព្យសម្បត្តិសាធារណៈ និងដើម្បីធានាឲ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។
លោករដ្ឋលេខាធិការ ក៏បានសង្ឃឹមយ៉ាងមុតមាំថា ចំណេះដឹង និងបទពិសោធន៍ដែលសិក្ខាកាម ទទួលបានតាមរយៈសិក្ខាសាលា នឹងក្លាយជាប្រយោជន៍ ក្នុងការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការអនុវត្តការងារក្នុងរោងចក្រ សហគ្រាស និងសិប្បកម្មរបស់អស់លោកអ្នក ក៏ដូចជាការចូលរួមលើកកម្ពស់សុវត្ថិភាពទូទៅ នៅទីតាំងផលិតកម្ម និងបង្ការគ្រោះថ្នាក់ការងារ ដែលអាចធ្វើឲ្យបាត់បង់អាយុជីវិតកម្មករ និងខូចខាតទ្រព្យសម្បត្តិសាធារណៈ។ លោកសង្ឃឹមថា ចំណេះដឹង និងបទពិសោធន៍ដែលបានមកពីវគ្គបណ្ដុះបណ្ដាលនេះ នឹងជួយលើកកម្ពស់បរិយាកាសសុវត្ថិភាពទូទៅនៅកន្លែងធ្វើការ ក៏ដូចជាបង្ការគាំពារដល់សុខសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសកម្មករ និយោជិក ដែលកំពុងបម្រើការងារក្នុងរោងចក្រ សហគ្រាស សិប្បកម្ម ក្នុងខេត្តកំពត៕














