លោក កើត សេកាណូ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក
20-12-2025 16:15
(បាត់ដំបង)៖ នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសំឡូត និងសហការី បានចុះទៅសំណេះសំណាល និងសាកសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ និងគ្រឿងឧបភោគបរិភោគចាំបាច់នានា មកចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក មកពីស្រុកសំឡូត, ស្រុកកំរៀង, ស្រុកភ្នំព្រឹក, ខេត្តឧត្តរមានជ័យ, ខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ សរុបចំនួន ១៨៨ គ្រួសារ នៅមណ្ឌលសុវត្ថិភាព ក្នុងវត្តបឹងអំពិល ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោកក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងរបស់លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ជូនដល់ប្រជាពលរដ្ឋភៀសសឹកផងដែរ។ លោកបានបន្ថែមទៀតថា អំណោយទាំងនេះ គឺជាទឹកចិត្តកើតចេញពីបេះដូងខ្មែរតែមួយ ដែលជាកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរ ទោះបីជាស្ថិតក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ ក៏យើងមិនបោះបង់គ្នា និងជួយគ្នាតាមលទ្ធភាព ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋភៀសសឹក។
មុននឹងបញ្ចប់ លោកបានថ្លែងថា លោកនឹងបន្តយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋភៀសសឹកខាងលើ និងសូមប្រជាពលរដ្ឋភៀសសឹកទាំងអស់ ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រដល់វីរកងទ័ពរបស់យើង ដែលកំពុងឈរជើងបំពេញបេសកកម្មការពារទឹកដីយ៉ាងអង់អាចក្លាហានពីពួកចោរសៀមឈ្លានពានទឹកដីកម្ពុជា៕



















