អភិបាលខេត្ដព្រះសីហនុ ចាត់តំណាងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ ប្រគល់ជូនវីរៈកងទ័ព ដែលឈរជើងនៅទិសបន្ទាយមានជ័យ
20-12-2025 16:20
(ភ្នំពេញ)៖ លោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគ របស់បងប្អូនប្រជាពលរដ្ឋ នៅខេត្តព្រះសីហនុ ជូនដល់វីរកងទ័ពខ្មែរ នៅសមរភូមិមុខ ដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹក ប្រគល់ជូនដល់បងប្អូនវីរៈកងទ័ព ដែលឈរជើងនៅទិសបន្ទាយមានជ័យ។
អំណោយសប្បុរសធម៌របស់បងប្អូនប្រជាពលរដ្ឋ នឹងបន្តផ្តល់ជូនដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។
ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមគោរពថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង។
ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន៕























