ទស្សនៈវិភាគ៖ «ក្រុមអ្នកនយោបាយថៃ ធ្លាប់បានរៀបផែនការធ្វើឃាតបុរសខ្លាំង ហ៊ុន សែន»

20-12-2025 20:03

(ភ្នំពេញ)៖ សាស្ត្រាចារ្យថៃម្នាក់គឺលោក Suphalak Kanchanakhundi ដែលជាអ្នកស្រាវជ្រាវឯករាជ្យបាននិយាយ យ៉ាងច្បាស់ៗថា «ប្រទេសថៃនិងពួកឥស្សរជន (រាជានិយម) ថៃធ្លាប់បានព្យាយាមផ្តួលរំលំបុរសខ្លាំង ហ៊ុន សែន តាមរយៈការប៉ុនប៉ងលួចធ្វើឃាត និងធ្វើរដ្ឋប្រហារដើម្បីឱ្យក្រុមផ្សេងឡើងកាន់អំណាច»។ ប៉ុន្តែផែនការនេះមិនបានសម្រេចនោះទេ ដូច្នេះលោកចង់ឱ្យឈប់គិតអំពីរឿងនេះទៅ។ ការទម្លាយរឿងនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាមួយក្នុងកម្មវិធីឈ្មោះ 101 world ។

លោក Suphalak Kanchanakhundi ជាសាស្ត្រាចារ្យថៃ និងជាអ្នកស្រាវជ្រាវឯករាជ្យ

តើផែនការលួចធ្វើឃាត ឬធ្វើរដ្ឋប្រហារដើម្បីផ្តួលរំលំបុរសខ្លាំង ហ៊ុន សែន មានន័យយ៉ាងដូចម្តេច?

ទី១៖ ក្រុមអ្នកនយោបាយថៃ ជាពិសេសពួករាជានិយមដែលគាំទ្រដោយពួកអាមាត្យក្នុងរាជវាំងពិតជាមាន គំនិតស្មោកគ្រោក និងថោកទាបបំផុតចំពោះកម្ពុជានិងថ្នាក់ដឹកនាំប្រទេសកម្ពុជាជាយូរមកហើយ ពិសេសអតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ផែនការនេះអាចត្រូវបន្តរហូតមកទល់បច្ចុប្បន្ន។

ទី២៖ ការប៉ុនប៉ងធ្វើឃាត ឬធ្វើរដ្ឋប្រហារផ្តួលរំលំ ហ៊ុន សែន នេះ ក៏ពីព្រោះតែពួកគេយល់ថា ដរាបណានៅមានវត្តមានសម្តេច ហ៊ុន សែន និងក្រុមអ្នកបន្តវេនដែលមានសម្តេច ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ថៃពិតជាពិបាកបំផុតក្នុងការលេបទឹកដីកម្ពុជា ទៅតាមផែនការចោរ និងផែនទីចោររបស់ពួកគេ។ ដូច្នេះការបញ្ចប់ជីវិត ឬបញ្ចប់អំណាចរបស់អតីតនាយកដ្ឋមន្ត្រីកម្ពុជាគឺបុរសខ្លាំង ហ៊ុន សែន ដែលបច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យមហិច្ឆតាឈ្លានពានទឹកដីរបស់ពួកគេ ងាយស្រួលក្នុងការសម្រេចផលតាមផែនការដែលបានគ្រោងទុក។

ទី៣៖ ដើម្បីងាយស្រួលលេបត្របាក់យកទឹកដីកម្ពុជា ក្រុមអ្នកនយោបាយរាជានិយមថៃអស់ទាំងនេះក៏ពិតជាមានទំនាក់ទំនង ជាមួយក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា និងច្បាស់ជាបានជួយជ្រោមជ្រែងក្រុមនេះពីក្រោយខ្នងជារៀងរហូតមកដោយសន្យាថា នឹងលើកបន្តុបក្រុមប្រឆាំងជ្រុលនិយមខ្មែរ ដែលមាន ទណ្ឌិត សម រង្ស៊ី ជាមេក្លោង។

ទី៤៖ ដោយសារតែចំណងទាក់ទងរវាងក្រុមអ្នកនយោបាយរាជានិយមថៃ និងក្រុមនយោបាយប្រឆាំងជ្រុលនិយមនៅកម្ពុជាមានតាំងពីយូរមកហើយ ទើបបានជានៅពេលថៃឈ្លានពានកម្ពុជានាពេលនេះ គេសង្កេតឃើញក្រុមជ្រុលនិយមរត់ចោលស្រុកដែលមាន សម រង្ស៊ី ជាមេក្លោង បានធ្វើសកម្មភាពបម្រើថៃយ៉ាងចំហ ដោយមិនខ្វល់ពីការបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯងនោះឡើយ។

ទី៥៖ ប៉ុន្តែមហិច្ឆតាមិនអាចរំលងពីលទ្ធភាព និងសមត្ថភាពបានឡើយ មិនដូចអ្វីដែលជាការស្រមើស្រមៃរបស់ពួកគេឯណា ព្រោះនៅពេលពួកគេលើកទ័ពទៅឈ្លានពានទឹកដីកម្ពុជាជាលើកទី២ ដែលបានអូសបន្លាយដល់ជាង១០ថ្ងៃហើយ បែរជាមានទាហានថៃត្រូវស្លាប់គរជើងដោយទាំងមេទាហានជាច្រើន នាក់ថែមទៀតផង បើធៀបទៅនឹងសង្គ្រាម ៥ថ្ងៃដំបូង (ពីថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៥)។
សរុបមកវិញ ក្រុមអ្នកនយោបាយថៃពិតជាមានមហិច្ឆតាចង់បានទឹកដីកម្ពុជា និងមានគំនិតអាក្រក់ប៉ុនប៉ងធ្វើឃាតឬផ្តួលរំលំអំណាចរបស់បុរសខ្លាំង ហ៊ុន សែន ជាយូរមកហើយ។ ប៉ុន្តែពួកគេស្គាល់ ហ៊ុន សែន មិនច្បាស់ ទើបជួបបរាជ័យដោយមិនអាចសម្រេចផែនការស្មោកគ្រោករបស់ខ្លួនបានឡើយ។ សង្គ្រាមឈ្លានពានទឹកដីកម្ពុជានាពេលនេះក៏ស្ថិតនៅក្នុងមហិច្ឆតា ដែលពួកគេចិញ្ចឹមទុកជាយូរមកហើយផងដែរ ហើយពួកគេក៏នៅតែមិនអាចសម្រេចគោលដៅរបស់ខ្លួនបានដដែល ពីព្រោះវត្តមានរបស់បុរសខ្លាំង ហ៊ុន សែន គឺជារបងការពារទឹកដីយ៉ាងរឹងមាំរបស់កម្ពុជា ក្រោមការគាំទ្រពីប្រជាពលរដ្ឋខ្មែរ នៅពីក្រោយវីរកងទ័ពដ៏អង់អាចក្លាហាន។

ការទម្លាយពីផែនការដ៏អាស្រូវមួយនេះ បានបើកបង្ហាញពីមហិច្ឆតាដ៏អាក្រក់របស់ក្រុមអ្នកនយោបាយថៃមកលើកម្ពុជា ហើយវាក៏ជាការបកស្បែកមុខកាន់តែច្បាស់របស់ពួកជ្រុលនិយមរត់ចោលស្រុកដែលមានទំនាក់ទំនង និងទទួលបានការជួយជ្រោមជ្រែងពីសត្រូវឈ្លានពាន។ ពេលនេះទឹកបានរងថ្លាឃើញបាតដីហើយ។ ប្រជាពលរដ្ឋខ្មែរត្រូវមើលឱ្យច្បាស់ពីមហិច្ឆតាខ្មៅកខ្វក់របស់ថៃ និងនយោបាយក្បត់ជាតិ ក្បត់ប្រជាជន បម្រើសៀមរបស់ក្រុមជ្រុលនិយមដែលមានទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ជាមេក្លោង៕

ដោយ វង្ស មករា
សាស្ត្រាចារ្យ និងជាអ្នកវិភាគសង្គមនយោបាយ