រដ្ឋមន្រ្តីការបរទេសអាមេរិក បង្ហាញក្តីសង្ឃឹមថា កម្ពុជានិងថៃ នឹងអាចឈានដល់បទឈប់បាញ់ នៅត្រឹមថ្ងៃចន្ទឬថ្ងៃអង្គារសប្តាហ៍ក្រោយ

20-12-2025 20:17

(វ៉ាស៉ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក នាថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ បាននិយាយថា ទីក្រុងវ៉ាស៉ីនតោនសង្ឃឹមថា នឹងអាចជំរុញឱ្យប្រទេសកម្ពុជានិងប្រទេសថៃ វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងសន្តិភាព ដែលសម្រុះសម្រួលដោយប្រធានាធិបតី ដូណាល់ ត្រាំ វិញ នៅអំឡុងដើមសប្តាហ៍ក្រោយ។ នេះបើតាមការចេញផ្សាយលើ វែបសាយក្រសួងការបរទេសអាមេរិក។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អំឡុងការធ្វើសន្និសីទកាសែតចុងឆ្នាំ លោករដ្ឋមន្រ្តីការបរទេសអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «យើងកំពុងតែប្រឹងប្រែងធ្វើការ ដើម្បីជំរុញភាគីទាំងអស់ឱ្យត្រឡប់ទៅគោរពកិច្ចព្រមព្រៀងឡើងវិញ ហើយយើងមានសុទិដ្ឋនិយម​ដោយប្រុងប្រយ័ត្នថា យើងនឹងអាចសម្រេចបានបែបនោះ នៅត្រឹមថ្ងៃចន្ទ ឬថ្ងៃអង្គារសប្តាហ៍ខាងមុខនេះ»។

លោក Rubio បន្តថា «ភាគីទាំងពីរបានធ្វើការប្តេជ្ញា ក្នុងឯកសារដែលពួកគេបានចុះហត្ថលេខា» ដោយលោកចង់សំដៅលើ សេចក្តីថ្លែងការណ៍រួម​ស្តីពីសន្តិភាព ដែលត្រូវបានចុះហត្ថលេខា នៅឯទីក្រុងគូឡាឡាំពួនៃប្រទេសម៉ាឡេស៉ី កាលពីខែតុលាកន្លងទៅ។ លោក Rubio បាននិយាយថា «ការប្តេជ្ញាទាំងនោះ លែងត្រូវបានគោរពដោយសារភាគីទាំងពីរ ចោទគ្នាទៅវិញ​ទៅមក ដូច្នេះហើយកិច្ចការឥឡូវនេះ គឺនាំយកពួកគេត្រឡប់ទៅចូលតុចរចាសាជាថ្មី»។

គួរបញ្ជាក់ថា ក្រុមរដ្ឋមន្រ្តីការបរទេសអាស៊ាន កំពុងគ្រោងបើកកិច្ចប្រជុំពិសេសមួយ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ ក្នុងទីក្រុងគូឡាឡាំពួ ដើម្បីពិភាក្សាអំពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ៕