លោករដ្ឋមន្ត្រី ជា សុមេធី និងលោកស្រី ជា ផល្គុន ជូនប្រជាពលរដ្ឋភៀសសឹក មកពីខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ស្នាក់នៅវត្តបន្ទាយស្រី
20-12-2025 20:30
(សៀមរាប)៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉េត មករា និងលោក តាំង ជុងលី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងដ៏ខ្ពង់ខ្ពស់លោករដ្ឋមន្រ្តី ជា សុមេធី រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អមដំណើរដោយលោកប្រធានមន្ទីរស.អ.យ.ខេត្តសៀមរាប លោកអភិបាលស្រុកបន្ទាយស្រី លោកប្រធានក្រុមប្រឹក្សាស្រុក ទីបញ្ជាការកងរាជអាវុធហត្ថស្រុក រដ្ឋបាលឃុំ សរុបចំនួន៦៥នាក់ បាននាំយកអំណោយរបស់ លោករដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន ដើម្បីចែកជូនប្រជាពលរដ្ឋភៀសសឹក មកពីខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យ ដែលមកស្នាក់នៅវត្តបន្ទាយស្រី ក្នុងស្រុកបន្ទាយស្រីខេត្ដសៀមរាប ចំនួន៦១៥គ្រួសារ ហើយអំណោយដែលនាំយកមកនោះរួមមាន ត្រីខ មី ទឹកត្រី ទឹកស៊ីអ៉ីវ ខ្លាញ់ ស្ករស ខ្ទឹមស និងអង្ករ ។
ក្នុងឪកាសនោះដែរ លោករដ្ឋលេខាធិការ ក៏បានពាំនាំនូវការសាកសួរសុខទុក្ខ និងផ្តាំផ្ញើពីសំណាក់លោករដ្ឋមន្ដ្រី ជា សុមេធី និងលោកស្រី ជា ផល្គុន ទៅដល់អ៊ុំ ពូ មីង បងប្អូនជនភាសឹកទាំងអស់ សូមមានសុវត្ដិភាព និងសុខភាពល្អ និងជឿជាក់លើរាជរដ្ឋាភិបាលយើង ដែលមានសម្តេចតេជោ និងសម្តេចធិបតី ប្រមុខដឹកនាំទាំងពីរតែងតែនៅរួមសុខរួមទុក្ខជាមួយគ្នាជានិច្ច។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំ និងក្រុមការងារ ព្រមទាំង មន្ទីរខេត្ត ក៏បានចូលទស្សនកិច្ច កន្លែងស្ដង់របស់អង្គការ TPO ដែលមកដាក់ទីតាំង ជំរុំជនភៀសសឹក ដើម្បីចែករំលែកបទពិសោធន៍ ដល់អ្នកមានវិបត្តផ្លូវចិត្ត និងបញ្ហាផ្សេងៗ និងជួបមន្រ្តីប្រឹក្សាផ្លូវចិត្ត បានចុះជួបសំណេះណាល ប្រឹក្សាព័ត៌មាន ពិគ្រោះយោបល់ កម្មវិធីលេងកំសាន្ត រៀនផាត់គូល័រលើរូបភាព សិក្សារៀនសូត្រចំណេះដឹងខ្លះៗ ដល់កុមារភៀសសឹកចំនួន ៧០នាក់នៅជំរុំវត្តបាត់ថ្កៅ បរិវេណស្តង់កុមារមេត្រីរបស់អង្គការសុខភាពផ្លូវចិត្ត TPO ដែលមានកិច្ចសហការជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសំណេះសំណាលដោយការលើកទឹកចិត្តដល់កុមារភៀសសឹក ដែលប៉ះពាល់អារម្មណ៍ផ្លូវចិត្ត និងប៉ះពាល់ការរៀនសូត្រ អោយអត់ធ្មត់ ធ្វើចិត្តអោយអោយរីករាយ និងការផ្តល់អាហារសម្រន់ ចែកជូននូវទឹកដោះគោ (Popomi) និងនំពុម្ភខ្លាឃ្មុំ ផែនដា ដល់កុមារ ដែលមកទទួលបាននូវការពិគ្រោះយោបល់ ការកំសាន្ត និងចំណេះដឹងផ្សេងៗ ផងដែរ។ ជាមធ្យមកុមារមកទទួលសេវា ប្រមាណ ១៨០ទៅ២០០នាក់ក្នុង១ថ្ងៃ។ក្នុងនោះដែរ សាខាមូលនិធិជនពិការខេត្តសៀមរាប បានផ្ដល់តទេះចំនួន ១គ្រឿង ជូនជនភៀសសឹកឈ្មោះ លោកយាយ ជិន សែន អាយុ ៧២ឆ្នាំ មកពីខេត្តព្រះវិហារ៕















