លោកបណ្ឌិត គុណ ញឹម នាំយកអំណោយរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតចែកជូនវីរកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ និងព្រះវិហារ
20-12-2025 21:10
(កំពង់ធំ)៖ បន្ទាប់ពីបាននាំយកអំណោយទៅចែកជូនជនភៀសសឹកចំនួន ៣០០០ គ្រួសារ ដែលបានភៀសខ្លួនមកកាន់ទី សុវត្ថិភាពក្នុងស្រុកមួយចំនួននៃខេត្តសៀមរាបកាលពីដើមសប្ដាហ៍នេះមក, នៅថ្ងៃ ទី២០ ខែធ្នូឆ្នាំ២០២៥នេះ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយ និង រដ្ឋាករមួយចំនួនបានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងប្រយុទ្ធជាមួយទ័ពឈ្លានពានថៃក្នុងសមរភូមិតាមបណ្ដោយព្រំដែនខេត្តឧត្តរមានជ័យ និង ខេត្តព្រះវិហារ ។
ពិធីប្រគល់-ទទួលអំណោយនេះបានប្រព្រឹត្តទៅនៅក្នុងទីតាំងមួយកន្លែងក្នុងខេត្តខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកបណ្ឌិត គុណ ញឹម បានថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជូនដល់វីរកងទ័ពជួរមុខដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងប្តូរផ្តាច់ ក្នុងបុព្វហេតុការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជាពីអំពើឈ្លានពានយ៉ាងកំរោល និងព្រៃផ្សៃរបស់កងទ័ពថៃ ។
ទន្ទឹមគ្នានេះ លោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងគិតគូរជានិច្ចដល់វីរកងទ័ពជួរមុខ ។
អំណោយទាំងអស់ រួមមាន Power Bankនិងបន្ទះសូឡាសម្រាប់សាកថ្ម ១២០ ឈុត, ម៉ាសការពារផ្សែងពុល១៥០០ ឈុត (មានតម្រងបន្ថែមសម្រាប់ប្ដូរម៉ាសការពារផ្សែងពុល ២៥២ ដុំ), អង្ករ ៩ តោន, ទឹកពិសារ៦០០ កេស, កញ្ចប់ (Kits) ចំនួន ៣០០០ កញ្ចប់ ដែលក្នុងមួយកញ្ចប់មាន នំទាហាន ៥ កញ្ចប់, ត្រីខកំប៉ុង ២ កំប៉ុង, មី ៥ កញ្ចប់, បាយក្ដាំង ២ កញ្ចប់, អំបុក ២ ដប, ពងទាប្រៃឆ្អិន ៣ គ្រាប់, គ្រាប់ចន្ទី ២00ក្រាម, ទឹកដោះគោស្រស់ ២ ប្រអប់តូច, ទឹកដោះគោខាប់ ២ កំប៉ុង, បារី ៥ កញ្ចប់, កាហ្វេលាយស្រេច ៥ កញ្ចប់,ខ្ទឹមស ១ កញ្ចប់, ស្ករគ្រាប់Vitamin C និងសូកូឡា ២ កញ្ចប់, ថ្នាំបំបាត់ការឈឺចាប់ ២ បន្ទះ,BeroccaVitamin C ១ដបនិងថវិកាចំនួន ៣០ លានរៀល។
ក្នុងស្មារតីគាំទ្រ និងផ្សារភ្ជាប់រវាងសមរភូមិក្រោយជាមួយសមរភូមិមុខ និងក្នុងមនោសញ្ចេតនា និងទឹកចិត្ត សប្បុសរធ៌ម និងមនុស្សធម៌, សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានឹងបន្តនាំយកអំណោយដើម្បីចែកជូនវីរកងទ័ពជួរមុខដែលកំពុងប្រយុទ្ធយ៉ាងអង់អាចក្លាហានជាមួយចោរឈ្លានពានសៀមនៅសមរភូមិទិសផ្សេងទៀតក៏ដូចជាប្រជាពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រខេត្តមួយចំនួនជាបន្តទៀត៕









