បង្ក្រាបជនជាតិចិនម្នាក់ ដកហូតអាវុធខ្លី៤ដើម និងគ្រាប់ប្រមាណជិត២០០គ្រាប់ នៅសង្កាត់កែប ក្រុងកែប

20-12-2025 22:39

(កែប)៖ ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានដឹកនាំបញ្ជាផ្ទាល់ ដល់កម្លាំងនគរបាលផែនការងារអន្តោប្រវេសន៍ ផែនការងារព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកែប បានចុះស្រាវជ្រាវករណីរក្សាទុក និង ប្រើប្រាស់អាវុធដោយខុសច្បាប់ នៅចំណុចផ្ទះជួល ស្ថិតនៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

ករណីខាងលើ បង្កឡើងដោយជនជាតិចិន ឈ្មោះ FEI YICHAO ភេទប្រុស អាយុ៣០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EJ6458756 មុខរបរអ្នកបើកបររថយន្ត ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិ សង្កាត់កើតហេតុខាងលើ ដែលបានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាក COONAN លេខ357 ពណ៌ទឹកប្រាក់ ស្នាប់ដៃពណ៌ខ្មៅ បាញ់សំដៅឡើងលើ ចំនួន៦គ្រាប់ នៅដីឡូតិ៍មួយកន្លែងចម្ងាយប្រមាណ៨០០ម៉ែត្រ ពីទីតាំងផ្ទះជួលដែលខ្លួនស្នាក់នៅ។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បាន Fresh News ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធករណីខាងលើ គឺលោកបានបញ្ជាដល់កម្លាំងសមត្ថកិច្ចក្រោមឱវាទ និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក អ៊ូច ពិសាល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកែប បានចុះទៅដល់កន្លែងកើតហេតុ ហើយកម្លាំងនគរបាលយើង បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ FEI YICHAO និងបានធ្វើកំណត់ហេតុឆែកឆេផ្ទះជួលខាងលើ ដោយរកឃើញអាវុធខ្លីសរុបចំនួន៤ដើម សំបកគ្រាប់បាញ់ហើយ ចំនួន៣៥គ្រាប់ និងមិនទាន់បាញ់ ចំនួន១៧៩គ្រាប់ បន្ទាប់មកឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរនាំ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាម បាននិងកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី និងស្នើសុំគោលការណ៍ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាប់បណ្ដេញចេញពីកម្ពុជា៕