រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ជួបសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹក ៨៣២គ្រួសារ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប

21-12-2025 11:37

(សៀមរាប)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកសរុបប្រមាណ ៨៣២គ្រួសារ ដែលនៅទីទួលសុវត្ថិភាពក្នុងស្រុកសូទ្រនិគម ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តសៀមរាប មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងមន្រ្តីរាជការជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះដែរលោករដ្ឋមន្រ្តី បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកតិ្តព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងយកចិត្តទុកដាក់ និងព្រួយបារម្ភពីសុខទុក្ខរបស់ពុកម៉ែ អ៊ំពូមីង បងប្អូន ជាពិសេសក្នុងកាលៈទេសៈដែលត្រូវភៀសសឹក ចាកចោលពីផ្ទះសម្បែងបែបនេះ។

ជាការពិតណាស់ ផលវិបាកនៃសង្គ្រាមបានបង្កមហន្តរាយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ និងសោកនាដកម្ម ផ្តាច់ជីវិតមនុស្សមិនរើសមុខ ទាំងទាហាន និងជនស៊ីវិលស្លូតត្រង់ ប្រជាពលរដ្ឋត្រូវបង្ខំចិត្តភៀសខ្លួនចាកចេញពីផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វចិញ្ចឹមដែលមិនអាចយកមកជាមួយបាន ហើយត្រូវប្រឈមនឹងការខ្វះទីជម្រក ខ្វះអាហារហូបចុក ខ្វះទឹកស្អាតប្រើប្រាស់ បាត់បង់មុខរបរ បាត់បង់ចំណូល ជួបការលំបាកក្នុងជីវភាព ក្មេងៗអាក់ខានការសិក្សា ព្រមទាំងប្រឈមនឹងការលំបាកជាច្រើនផ្សេងទៀត។

លោករដ្ឋមន្រ្តី បានផ្តាំផ្ញើទៅដល់ពុកម៉ែ បងប្អូនទាំងអស់សូមថែរក្សាសុខភាព រក្សាអនាម័យ និងការពារខ្លួន ពិសេសប្អូនៗស្ត្រីដែលមានផ្ទៃពោះ ព្រោះពេលនេះម្នាក់តែជីវិតពីរ និងស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងជំរំ ដើម្បីធានាសុវត្ថិភាព សូមគោរពតាមការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងត្រូវចេះសាមគ្គីគ្នាក្នុងស្មារតីជាតិតែមួយ យោគយល់អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមកក្នុងស្ថានភាពនៃការរស់នៅជាសហគមន៍បែបនេះ៕