គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន វរសេនីយ៍ត្រី ហេង ចាន់ធឿន ដែលពលីក្នុងសមរភូមិមុខ ក្នុងតំបន់ទិសប្រាសាទតាក្របី
21-12-2025 13:13
(ត្បូងឃ្មុំ)៖ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជន និងជូនសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ហេង ចាន់ធឿន ដែលបានពលីក្នុងសមរភូមិមុខ តំបន់ទិសប្រាសាទតាក្របី ខេត្តឧត្តរមានជ័យ។
ពិធីគោរពវិញ្ញាណក្ខន្ធសពវីរយុទ្ធជនពលីដ៏អង់អាចក្លាហាននេះ ប្រារព្ធធ្វើបុណ្យនៅវរសេនាតូចថ្មើរជើង២១៤ ក្នុងស្រុកត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
លោកវរសេនីយ៍ត្រី ហេង ចាន់ធឿន គឺជាវីរយុទ្ធជនឆ្នើម និងអង់អាចក្លាហាន ដែលបានពលីជីវិតក្នុងសមរភូមិមុខ នៅតំបន់ប្រាសាទតាក្របី ក្នុងបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានយ៉ាងគគ្លឺនពីសំណាក់ទ័ពសៀម។
ក្នុងឱកាសនោះ លោក ប៉ែន កុសល្យ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ និងការលះបង់របស់កងទ័ពជួរមុខ ក៏ដូចជាក្រុមគ្រួសារដែលកំពុងរងគ្រោះដោយសារសកម្មភាពឈ្លានពានដ៏ព្រៃផ្សៃ និងបំភ្លេចបំផ្លាញ មកលើទឹកដីកម្ពុជា។
ថ្លែងចំពោះមុខក្រុមគ្រួសារនៃសព លោក ឡុង ធាម និងលោក ប៉ែន កុសល្យ ក៏ដូចជាគណៈប្រតិភូខេត្តទាំងមូល បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាពដែលមិនអាចកាត់ថ្លៃបានរបស់លោកវរសេនីយ៍ត្រី ហេង ចាន់ធឿន ដែលបានពលីក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា និងបូរណភាពទឹកដីដ៏ធំធេង ដែលការលះបង់នេះ គឺជាគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។
ឆ្លៀតក្នុងឱកាសនេះ លោក ប៉ែន កុសល្យ ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវបន្តយកចិត្តដាក់លើក្រុមគ្រួសារកងទ័ពជួរមុខ ក៏ដូចជាគ្រួសារកងទ័ពពលី ដែលជួបការលំបាកខ្លាំងនៅក្នុងមូលដ្ឋាន៕



















