ប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងកម្ពុជាចូលរួមដាំកូនឈើ ២០០ដើម នៅក្រុងរុនតាឯកតេជោសែន (Video inside)
21-12-2025 13:47
(សៀមរាប)៖ ប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងយុវជន កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមដាំកូនឈើចំនួន២០០ដើម នៅក្រុងរុនតាឯកតេជោសែន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងលោក គុជ លីណា អនុប្រធានអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ព្រមទាំងវត្តមានអញ្ជើញចូលពីថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីសាខា-អនុសាខា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ក្រុងរុនតាឯកតេជោសែនសរុបប្រមាណ ៤៩នាក់។
ឆ្លៀតក្នុងឱកាសនោះ លោក តាកាអាគី សាន់តានី (Mr. Takaaki Shantani) នាយកផ្នែកទំនាក់ទំនងអន្តរជាតិកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងជាប្រធានដឹកនាំប្រតិភូជប៉ុន មានប្រសាសន៍ថាលោកថ្លែងអំណរគុណយ៉ាងកក់ក្តៅពីសំណាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់រៀបចំកម្មវិធីស្នាក់នៅតាមផ្ទះ សាលារៀន សហគមន៍ និងទស្សនកិច្ចសិក្សាវប្បធម៌ប្រពៃណីខ្មែរនៅតំបន់អង្គរវត្ត។
មានមតិសំណេះសំណាលនាឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍សួរសុខទុក្ខរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើជូនដល់ប្រតិភូជប៉ុន និងអង្គពិធីទាំងមូល។ ជាមួយគ្នានេះ សូមអរគុណដល់កាកបាទក្រហមជប៉ុន ដែលបានបន្តរិតចំណងសាមគ្គីភាពជាបងប្អូនរបស់សមាគមជាតិទាំងពីរ ពិសេសនៅតែបន្តដំណើរទស្សនកិច្ចសិក្សារយៈពេល១សប្តាហ៍នៅកម្ពុជា ទោះបីដឹងថាពេលនេះកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃក៏ដោយ។
ទស្សនកិច្ចលើកទី១នេះបានផ្តល់ឱកាសឱ្យយុវជនទាំងពីរសមាគមជាតិបានរៀនរស់នៅជាមួយគ្នាក្នុងនាមជាគ្រួសារតែមួយ ដោយបានផ្លាស់ប្តូរបទពិសោធន៍ និងវប្បធម៌ជាមួយគ្នាទៅវិញទៅមក និងធ្វើសកម្មភាពរួមគ្នាជាច្រើន ក្នុងការលើកកម្ពស់អនាម័យបរិស្ថាន សន្តិភាព សាមគ្គីភាព ភាតរភាព តម្លៃមនុស្សធម៌ និងការងារគ្រប់គ្រងគ្រោះមហន្តរាយក្នុងសហគមន៍។
លោកស្រីបានបញ្ជាក់ថា ព្រៃឈើមានអត្ថប្រយោជន៍ណាស់សម្រាប់មនុស្សជាតិ នៅលើភពផែនដី ព្រៃឈើពិតជាបានរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ផ្តល់ជម្រក ផ្តល់ម្លប់ ផ្តល់ខ្យល់បរិសុទ្ធ ជួយទប់សំណឹកដី រក្សាបាននូវប្រព័ន្ធអេកូឡូស៊ីសម្រាប់ជីវចម្រុះ និងសូមយុវជនជំនាន់ក្រោយរួមគ្នាដាំដើមឈើឱ្យបានគ្រប់ៗគ្នា។
បន្ទាប់ពីពិធីដាំដើមឈើរួចមក លោកស្រីអគ្គលេខាធិការ បានដឹកនាំប្រតិភូទាំងអស់ទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៍មួយចំនួនដែលកាកបាទក្រហមកម្ពុជា ទទួលបានពីសប្បុរសជន ដើម្បីជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹកចំនួន១០០គ្រួសារ ស្ថិតនៅមណ្ឌលសុវត្ថិភាព ដែលនៅជិតទីតាំងប្រារព្ធពិធីដាំឈើ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបានសម្តែងនូវក្តីអាណិតអាសូរជាពន់ពេកជាមួយបងប្អូនប្រជាជនទាំងអស់ចំពោះស្ថានភាពដ៏អាក្រក់មួយនេះ និងសូមបងប្អូនរក្សាសុខភាពឱ្យបានល្អទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រោះថាទ្រព្យសម្បតិ្តដែលបាត់បង់អាចរកវិញបាន ប៉ុន្តែជីវិតយើងពិតជាសំខាន់ជាង ដូចនេះយើងបានមកដល់កន្លែងសុវត្ថិភាពហើយ យើងត្រូវជំនះការលំបាកបន្តិច អ្វីៗនឹងល្អប្រសើរឡើងវិញ។
សូមបញ្ជាក់ថា លោកស្រីអគ្គលេខាធិការ បានប្រគល់ជូននូវថ្នាំពេទ្យមួយចំនួនដល់ក្រុមគ្រូពេទ្យដែលប្រចាំការនៅមណ្ឌលសុវត្ថិភាព ព្រមទាំងបានចុះសួរសុខទុក្ខដល់សិស្សដែលបានភៀសសឹកមករៀននៅសាលារៀនដែលនៅជិតទីតាំងមណ្ឌលភៀសសឹកផងដែរ៕









































