អភិបាលខេត្តព្រៃវែង បន្តនាំអំណោយរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា ចែកជូនជនភៀសសឹក រត់គេចពីការឈ្លានពានរបស់យោធាថៃ ចំនួន ១០៧គ្រួសារ នៅស្រុកកំពង់ត្របែក
21-12-2025 13:56
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និង លោកស្រីកែ សួនសុភី សសុខា ជូនបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ដែលរត់គេចពីការឈ្លានពានរបស់យោធាថៃ ចំនួន ១០៧គ្រួសារ នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោក សួន សុម៉ាលីន បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងលោកអភិសន្តិបណ្ឌិត ស សុខា និងលោកស្រីកែ សួនសុភី សសុខា ដែលសម្តេច និង ឧបនាយករដ្ឋមន្ត្រី ស សុខា តែងតែគិតគូអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដោយមិនប្រកាន់ពូជសាសន៍ ឬបក្សពួកនិយមអ្វីឡើយ។
លោកអភិបាលខេត្ត បានស្នើពលរដ្ឋភៀសសឹក សូមថែរក្សាសុខភាពឱ្យបានល្អ ក្នុងគ្រាដ៏លំបាកនេះ និងសូមជឿទុកចិត្តលើការដឹកនាំ និងសមត្ថភាពដោះស្រាយបញ្ហារបស់ប្រមុខរាជរដ្ឋាភិបាលរបស់យើង ដែលកំពុងខិតខំធ្វើការមិនថាយប់ មិនថាថ្ងៃ ដើម្បីស្វែងរកមកវិញនូវសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋ និងការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដីរបស់យើង។
អំណោយ ដែលបានផ្ដល់ជូនដល់ប្រជាពលរដ្ឋដែលជាជនភៀសសឹក ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៉ីវ ១យួរ, ទឹកបរិសុទ្ធ ២យួរ និងថវិកាចំនួន ៥០ ០០០រៀលផងដែរ។
សូមបញ្ជាក់ថា ពិធីចែកអំណោយនេះ ក៏មានការចូលរួម ពីលោកអភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងទាំងបី ថ្នាក់ស្រុក នាយក នាយករងរដ្ឋបាល ប្រធានការិយាល័យ និងមន្ត្រីចំណុះសាលាស្រុក មេឃុំ ស្មៀនឃុំ និងជំនួយការរដ្ឋបាលឃុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹកប្រមាណ ២៥០រូប៕


















