បណ្ឌិត អ៊ាង សុផល្លែត នាំស្បៀងអាហារ និងសម្ភារប្រើប្រាស់របស់សម្តេចតេជោ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប សម្រាប់បន្តចែកជូនវីរកងទ័ព និងជនភៀសសឹក

21-12-2025 14:04

(ខេត្តសៀមរាប)៖ ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំថ្នាក់ដឹកនាំក្រសួង សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងបរិស្ថាន រួមជាមួយដៃគូសហការ បាននាំយកអំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន​ម៉ាណែត តាមរយៈក្រសួងបរិស្ថាន មកប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តយកទៅចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកពីសង្រ្គាមឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យដែនដីរបស់ប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានថ្លែងថា អំណោយដែលយើងត្រូវរួមគ្នាជួយនាពេលនេះ គឺជាការឆ្លើយតបក្នុងគ្រាលំបាកខ្វះខាតទាំងឡាយនៅចំពោះមុខ ខណៈដែលខេត្តនៅជាប់ព្រំដែនត្រូវប្រឈមដោះស្រាយជូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមព្រំដែន និងគ្រួសារវីរកងទ័ព និងការគាំទ្រដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន កំពុងការពារទឹកដីប្រឆាំងសត្រូវឈ្លានពានតាមព្រំដែនកម្ពុជា-ថៃ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ឈរលើស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរជួយខ្មែរ ខ្មែរតែមួយ» សកម្មភាពនេះក៏បានបញ្ជាក់ឱ្យឃើញថា ទោះខ្មែរយើងស្ថិតក្នុងស្ថានភាពណាក៏ដោយ ក៏យើងមិនដែលបោះបង់គ្នាចោលនោះឡើយ ពោលគឺយើងចេះជួយគ្នាទៅតាមលទ្ធភាព និងជាការគោរពដឹងគុណចំពោះវីរកងទ័ពជួរមុខដ៏អង់អាចក្លាហានដែលកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ប្រឆាំងការឈ្លានពានយ៉ាងឃោរឃៅពីសំណាក់យោធាថៃ។

ក្នុងនាមរដ្ឋបាលខេត្ត លោក ប្រាក់ សោភ័ណ្ឌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះលោករដ្ឋមន្រ្តី ក្រសួងបរិស្ថាន និងប្រតិភូអម ដែលបាននាំមកជាអំណោយសម្ភារ សម្រាប់ផ្តល់ជូនដល់ជនភៀសសឹក និងក្រុមគ្រួសារកងទ័ពនាពេលនេះ។

សូមបញ្ជាក់ថា អំណោយដ៏ថ្លៃថ្លាជាស្បៀងអាហារ និងសម្ភារប្រើប្រាស់ របស់សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈក្រសួងបរិស្ថាន ដែលបានត្រូវប្រគល់ជូននាពេលនេះរួមមាន៖ ទឹកបរិសុទ្ធ ដបធំ, អំបុក អង្ករ មី សំលៀកបំពាក់ ខោអាវ ភួយ ត្រីខទឹកសុទ្ធ ទឹកក្រូច នំក្រៀម ដំណាប់ស្វាយ រួមជាមួយគ្រឿងឧបភោគបរិភោគជាច្រើនផ្សេងទៀត៕