ក្រុមការងារសប្បុរសធម៌ នៃសាលាជេនសាណា នាំអំណោយចែកជូនជនភៀសសឹក និងសិស្សានុសិស្សចំនួន ៧០គ្រួសារ នៅឃុំព្រែកក្របៅ ស្រុកកងមាស
21-12-2025 15:28
(កំពង់ចាម)៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសប្បុរសធម៌ នៃសាលាជេនសាណា បានធ្វើដំណើរទៅសួរសុខទុក្ខ និងចែកអំណោយគ្រួសារជនភៀសសឹក និងសិស្សានុសិស្សចំនួន ៧០គ្រួសារ នៅឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
កម្មវិធីនេះមានការចូលរួមពីអភិបាលថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន ក្រុមការងារសាលា និងប្រជាជនភៀសសឹក ក៏ដូចជាសិស្សានុសិស្សជាច្រើនរូប។ កម្មវិធីនេះធ្វើឡើងដើម្បីចូលរួមក្នុងសកម្មភាពមនុស្សធម៌ ជួយគ្នាក្នុងគ្រាលំបាក និងបង្ហាញពីការរួបរួមសាមគ្គីគ្នារបស់ខ្មែរយើង ដែលបុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលា បានរៀបចំនាំយកអំណោយជូនក្រុមគ្រួសារដែលជាជនភៀសសឹក និងមានកុមារតូចៗជាសិស្សានុសិស្សដែលកំពុងភៀសខ្លួនពីសង្រ្គាម។
បន្ទាប់ពីលោកស្រី ហ៊ាង ចិន្តា អ្នកដឹកនាំក្រុមសប្បុរសធម៌មកពីសាលាជេនសាណា បានធ្វើបទឧទ្ទេសនាម និងរបាយការណ៍សកម្មភាពអំណោយសប្បុរសធម៌រួចមក ក្រុមស្ម័គ្រចិត្តបានចែកឈុតអំណោយ និងសម្ភារទាំងចំនួន ៧០គ្រួសារ ដែលក្នុង០១គ្រួសារទទួលបាន៖ គ្រៀងឧបភោគបរិភោគដូចជា អង្ករ មី ទឹកត្រី ទឹកសៀអ៊ាវ សម្លៀកបំពាក់ និងសម្ភារសិក្សាដែលជាតម្រូវការចំបាច់ប្រចាំថ្ងៃ។
លោក ភោគ សាវុធ អភិបាលស្រុកកងមាស និងលោក អ៉ី កុកគង់ មេឃុំព្រែកក្របៅ បានថ្លែងអំណរគុណដល់ក្រុមការងារ និងសប្បុរសជនទាំងអស់ដែលមានទឹកចិត្តជួយចែករំលែកដល់គ្រួសារជនភៀសសឹក និងលើកទឹកចិត្ត ក៏ដូចជាខ្វល់ខ្វាយអំពីសុខទុក្ខរបស់ជនភៀសសឹកនៅឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម៕















