អ្នកនាំពាក្យក្រសួងការពារជាតិ ទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់ បំភ្លៃការពិត ដើម្បីបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួនមកលើកម្ពុជា (Video inside)

21-12-2025 17:59

(ភ្នំពេញ)៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានទាមទារឱ្យភាគីថៃ បញ្ឈប់ជាបន្ទាន់នូវទង្វើភូតកុហកបោកប្រាស់ បំភ្លៃការពិត ដើម្បីបិទបាំងសកម្មភាពឈ្លានពានរបស់ខ្លួន លើមកប្រទេសកម្ពុជា ខណៈកងកម្លាំងកម្ពុជា កំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា ហើយគោលដៅការពារខ្លួនរបស់កម្ពុជា ផ្តោតតែលើយោធាប៉ុណ្ណោះ មិនតម្រង់ទៅជនស៉ីវិលឡើយ។

លោកស្រីបានថ្លែងបែបនេះ ក្នុងឱកាសដែល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ក្រោយកងទ័ពថៃ បានបើកការវាយប្រហារមកលើកងទ័ពនិងជនស៊ីវិលកម្ពុជា» គិតត្រឹមរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានអំពាវនាវភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ាន។

សូមជម្រាបថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ កាន់តែតានតឹង ចាប់តាំងពីយោធាថៃ បើកការបាញ់ប្រហារមកលើកម្ពុជា កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥៕