គ្រួសារវីរយុទ្ធជននៅសមរភូមិមុខចំនួន១០២គ្រួសារ នៅស្រុកបសេដ្ឋ ទទួលបានអំណោយ ការពិនិត្យសុខភាព និងព្យាបាលជំងឺពីសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក

21-12-2025 18:15

(កំពង់ស្ពឺ)៖ ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ជាប្រចាំពីឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងលោកជំទាវបានដឹកនាំក្រុមគ្រួសារសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ចំនួន៦៨រូប ដើម្បីចុះសួរសុខទុក្ខ ចែកអំណោយ និងពិនិត្យសុខភាពជូនក្រុមគ្រួសារវីរយុទ្ធជននៅសមរភូមិមុខចំនួន១០៥គ្រួសារ នៅបរិវេណវត្តបសេដ្ឋ ស្ថិតក្នុងឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចូលរួមក្នុងឱកាសនោះរួមមាន ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក លោក ងួន សុផាត ប្រធានក្រុមប្រឹក្សាស្រុក លោក សំអឿន សុបញ្ញា អភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ស.ស.យ.កស្រុក តំណាងក្រុមហ៊ុននំស្រួយលី លី ហាងនំប៉័ងបាយ័ន ក្រុមហ៊ុនហង្ស សាលារៀន I-SAC រួមជាមួយសប្បុរសជនជាច្រើនរូបផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ លោកបណ្ឌិត ហេង សុខគង់ បាននាំបណ្តាំសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ, ទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ក៏ដូចជាថ្នាក់ដឹកនាំខេត្តមកជូនពូមីង បងប្រុស បងស្រី ដែលមានកូន ប្អូន ប្តី ឪពុក ជាវីរយុទ្ធជននៅសមរភូមិមុខកំពុងឈរជើងយ៉ាងរឹងមាំប្រយុទ្ធតតាំងជាមួយខ្មាំងឈ្លានពាន ការពារអធិបតេយ្យជាតិ ការពារប្រជាជន ការពារទឹកដី និងមាតុភូមិជាទីស្នេហានៃយើង ដោយយកទ្រូងពាំងគ្រាប់ យកអាយុជីវិតជាដើមទុនដោយមិនអនុញ្ញាតឲ្យបរទេសណាមួយចូលមកឈ្លានពានទឹកដីកម្ពុជាសូម្បីមួយមីលីម៉ែត្រ។

ជាមួយគ្នានេះ លោកស្នើសុំឲ្យពូមីង បងប្អូនទាំងអស់ទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ជាប្រមុខដឹកនាំប្រកបដោយភាពប្រាកដនិយម ទុកចិត្តលើសម្តេចតេជោដែលជាថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រ ហើយនៅខេត្តកំពង់ស្ពឺនេះយើងទាំងអស់គ្នា មានភាពកក់ក្តៅដោយមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ជានិច្ចកាលនៅជាមួយបងប្អូន។

បន្ទាប់ពីការសំណេះសំណាលដ៏កក់ក្តៅ លោកបណ្ឌិត ហេង សុខគង់ និងលោកស្រី ព្រមទាំងសហការី និងសប្បុរសជនទាំងអស់បានចែកជូនអំណោយដល់ក្រុមគ្រួសារកងទ័ពទាំង១០៥គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន មីមួយកេស អង្ករ១០គីឡូក្រាម, ទឹកស៉ីអ៉ីវមួយយួរ, ទឹកសុទ្ធមួយកេស, នំស្រួយលី លី៣កញ្ចប់ធំ, នំប៉័ងបាយ័ន ៦កញ្ចប់, ត្រីហើម១ថង់ ឆៃប៉ូវ១ថង់, ដំណាប់ផ្លែឈើ១ថង់ សារ៉ុង១ ឃីត១កញ្ចប់ (ក្នុងឃីតនីមួយៗមាន អាវមួយ ភួយមួយ ថ្នាំដុសធ្មេញ១ដប ច្រាសដុសធ្មេញ១ សាប៊ូបោកខោអាវ១កញ្ចប់ ធូបមូស១ប្រអប់ មី៤កញ្ចប់ ស្ករស១ថង់ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប) ថវិកាមួយចំនួន និងសម្រាប់គ្រួសារពលីទាំង៣គ្រួសារ មួយគ្រួសារចូលបច្ច័យ ៤០ម៉ឺនរៀល។

ដោយឡែកសម្រាប់កុមារជាកូនៗរបស់វីរយុទ្ធជនទាំងអស់ចំនួន៣០នាក់ ក្នុងម្នាក់ៗទទួលបានកាបូបស្ពាយមួយ សៀវភៅ២ក្បាល ប៊ិចមួយដើម នំស្រួយលីលី មួយកញ្ចប់ធំ នំប៉័ងបាយ័នមួយប្រអប់ ទឹកដោះគោ២ប្រអប់ ព្រមទាំងវីតាមីនចម្រុះចំនួន៥បន្ទះផងដែរ។

បន្ទាប់ពីកម្មវិធីចែកជូននូវអំណោយទាំងនេះ ក្រុមគ្រួសារវីរយុទ្ធជនទាំងអស់ រួមជាមួយស.ស.យ.ក ស្រុក និងសិស្សានុសិស្សដែលបានចូលរួមសម្របសម្រួល ក៏បានទទួលនូវការពិនិត្យសុខភាព និងព្យាបាលជំងឺពីសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក សរុបចំនួន១៨៩នាក់ផងដែរ៕