ទស្សនៈមិត្តអ្នកអាន៖ បទឈប់បាញ់កម្ពុជា-ថៃ ទាមទារឱ្យមានការទទួលខុសត្រូវ មិនមែនវោហាសាស្ត្រនោះទេ
21-12-2025 18:18
(ភ្នំពេញ)៖ ការអំពាវនាវឱ្យមានបទឈប់បាញ់មានទម្ងន់ខាងសីលធម៌ លុះត្រាតែវាត្រូវបានចងភ្ជាប់នឹងសច្ចភាព និងការទទួលខុសត្រូវ។ នៅពេលមានភាពតានតឹងកើនឡើង ភាសាមានសារៈសំខាន់ មិនមែនជាឧបករណ៍ដើម្បី បិទបាំងការទទួលខុសត្រូវនោះទេ ប៉ុន្តែជាមធ្យោបាយមួយដើម្បីស្តារទំនុកចិត្ត និងស្ថិរភាពឡើងវិញ។
ប្រទេសកម្ពុជាបានបង្ហាញជានិច្ចនូវការអត់ធ្មត់ និងការប្តេជ្ញាចិត្តពិតប្រាកដចំពោះសន្តិភាពតាមបណ្តោយព្រំដែន របស់ខ្លួន។ ដូច្នេះវាចាំបាច់ត្រូវតែបញ្ជាក់ឱ្យបានច្បាស់អំពីការពិតជុំវិញការអំពាវនាវឱ្យមានបទឈប់បាញ់ថ្មីៗនេះ ជាពិសេសចំពោះការប៉ុនប៉ងម្តងហើយម្តងទៀតដើម្បីបង្វែរការទទួលខុសត្រូវចេញពីភាគីដែលជាអ្នកផ្ដើមរំលោភបំពានមុន។
១. ការទទួលខុសត្រូវតែចាប់ផ្តើមជាមួយអ្នកចាប់ផ្ដើម
បទឈប់បាញ់មួយមិនអាចជាការសម្រាំងយកនោះទេ ហើយក៏មិនអាចដាក់ឱ្យអនុវត្តដោយមិនស្មើគ្នានោះដែរ។ គោលការណ៍ជាមូលដ្ឋានគឺច្បាស់លាស់ណាស់៖ ភាគីដែលជាអ្នកចាប់ផ្តើមការឈ្លានពាន និងរំលោភលើ បទឈប់បាញ់ គឺមានទំនួលខុសត្រូវបញ្ឈប់មុន។ កម្ពុជាមិនមែនជាអ្នកចាប់ផ្តើមអរិភាពទេ ហើយក៏មិនបានបង្កឱ្យមានជម្លោះនោះដែរ។ ការអំពាវនាវដោយស្មោះត្រង់ណាមួយឱ្យមានការបន្ធូរបន្ថយភាពតានតឹង ត្រូវតែធ្វើឡើងជាមួយនឹងសកម្មភាពជាក់ស្តែងដោយភាគីម្ខាងទៀតដែលបានបំពានហួសបន្ទាត់ព្រំដែន។
២. កម្ពុជាបានធ្វើសកម្មភាពដោយភាពស្មោះត្រង់។ ការរំលោភបំពានមិនមែនផ្ដើមចេញពីកម្ពុជាទេ។
មួយរយៈពេលមកនេះ កម្ពុជាបានរក្សាការអត់ធ្មត់ ធ្វើសកម្មភាពប្រកបដោយតម្លាភាព និងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ តែភាគីថៃទៅវិញទេដែលបានរំលោភលើបទឈប់បាញ់តាំងពីដំបូង។ ការលើកឡើង ផ្ទុយពីនេះ មិនត្រឹមតែមួលបង្កាច់ការពិតប៉ុណ្ណោះទេ តែថែមទាំងបំផ្លាញភាពគួរឱ្យជឿជាក់នៃយន្តការបទឈប់បាញ់របស់ខ្លួនឯងទៀតផង។ សន្តិភាពមិនអាចរក្សាបានទេ នៅពេលការទទួលខុសត្រូវត្រូវបានបដិសេធ។
៣. ការទទួលខុសត្រូវមិនអាចផ្ទេរទៅឱ្យអ្នកក្រៅនោះទេ
វាមិនមានភាពយុត្តិធម៌ ឬសមហេតុផលទាល់តែសោះ ក្នុងការរំពឹងថាកម្ពុជានឹងបោសសម្អាតមីនដែលដាក់ពង្រាយដោយកងទ័ពថៃ។ បទដ្ឋានអន្តរជាតិមានភាពច្បាស់លាស់៖ ការទទួលខុសត្រូវចំពោះ ការបោសសម្អាត គ្រឿងផ្ទុះបង្កគ្រោះថ្នាក់គឺស្ថិតនៅលើភាគីដែលជាអ្នកដាក់ពង្រាយ។ ដូច្នេះការស្នើសុំឱ្យកម្ពុជាទទួលបន្ទុកនេះ វាប្រៀបដូចជាការលើកលែងការទទួលខុសត្រូវរបស់ភាគីដែលត្រូវទទួលខុសត្រូវ ហើយការធ្វើបែបនេះនឹង បង្កការជាគំរូមួយដ៏គ្រោះថ្នាក់។
កម្ពុជាមិនបានបដិសេធសន្តិភាពទេ។ ផ្ទុយទៅវិញ កម្ពុជាបានជ្រើសរើសយកការសន្ទនាជានិច្ច។ ប៉ុន្តែសន្តិភាពត្រូវតែបង្កើតឡើងឈរលើមូលដ្ឋាននៃភាពស្មោះត្រង់ ការទទួលខុសត្រូវ និងការគោរពគ្នាទៅវិញទៅមក ពោលគឺមិនមែនផ្អែកលើការរៀបរាប់រឿងរ៉ាវដែលផ្ទុយការពិត និងបង្កជាផលវិបាកនោះទេ។
បទឈប់បាញ់មួយដែលមិនអើពើនឹងគោលការណ៍ទាំងនេះមិនមែនជាផ្លូវឆ្ពោះទៅរកស្ថិរភាពនោះទេ។ វាគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នដោយគ្មានដំណោះស្រាយប៉ុណ្ណោះ។ កម្ពុជានៅតែត្រៀមខ្លួនជាស្រេចដើម្បី ចូលរួមប្រកបដោយលក្ខណៈស្ថាបនា លុះត្រាតែការប្តេជ្ញាចិត្តត្រូវបានគោរព ហើយការទទួលខុសត្រូវ ត្រូវបានទទួលស្គាល់យ៉ាងច្បាស់លាស់៕
ដោយ៖ កញ្ញា អ៉ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងជាអតីតអ្នកសារព័ត៌មាន
ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥




