អ្នកជំនាញអារ្យធម៌ខ្មែរ៖ ទីក្រុងបាងកកកំពុងលេងល្បែងដែលលោកខាងលិចហៅថា ល្បែងនយោបាយប៊ូមីរ៉ង-Political Boomerang របស់ពួកហ្វាស៊ីស

21-12-2025 19:02

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងវដ្ដសង្រ្គាមរបស់ទីក្រុងបាងកក ដែលកំពុងឈ្លានពានទាំងកំរោលព្រៃផ្សៃ មកលើកម្ពុជាមានរយៈពេលជាង១០ថ្ងៃមកនេះ ក្រោមលេសរឿងនិទាន១ពាន់១យប់តាមទំនើងចិត្ដ គឺម្ដងរឿងមីន, ម្ដងរឿងកម្ពុជាឈ្លានពានមកលើថៃ, ម្ដងរឿងចង់កំទេចកងទ័ពកម្ពុជាឲ្យរាបដល់ដី, ម្ដងរឿងចង់បំផ្លាញការបោកប្រាស់អនទ្បាញ ដោយប្រើកម្លាំងកងទ័ពជើងគោក ជើងអាកាស និងជើងទឹក សព្វាវុធធុនធ្ងន់គ្រប់ប្រភេទទម្លាក់ និងបាញ់ស្រោចយ៉ាងសន្ធោសន្ធៅ ចូលដែនអធិបតេយ្យកម្ពុជារាប់សិបគីទ្បូម៉ែត្រ បាញ់កំទេចប្រាសាទបុរាណ, ហេដ្ឋារចនាសម័ន្ធស៊ីវិល , បាញ់សម្លាប់កុមារ, ស្រ្ដី, មនុស្សចាស់ជរា គ្មានរើសទីកន្លែងយ៉ាងសាហាវព្រៃផ្សៃដ៏គួរឲ្យរន្ធត់តក់ស្លុត ព្រមទាំងប្រើកម្លាំងយោធាហ៊ុំព័ទ្ធសេដ្ឋកិច្ច បិទច្រកព្រំដែនគោក,ច្រកសមុទ្រថៃ និងប្រើកម្លាំងហ៊ុំព័ទ្ធការទូតលើកម្ពុជា។

នេះគឺទីក្រុងបាងកក កំពុងលេងល្បែងម្យ៉ាងដែលពួកស្បែកស អឺរ៉ុបខាងលិច ហៅថា ល្បែងនយោបាយប៊ូមីរ៉ង-Political Boomerang របស់ពួកហ្វាស៊ីស។

ហេតុនេះយើងសួរថាតើអ្វីជាល្បែងប៊ូមីរ៉ងនយោបាយ-Political Boomerang របស់ពួកហ្វាស៊ីស?

ល្បែងនយោបាយប៊ូមីរ៉ង-Political Boomerang របស់ពួកហ្វាស៊ីសជា សកម្មភាពយុទ្ធសាស្ត្រ ប្រើកម្លាំងយោធាហិង្សា គាបសង្កតផ្តាច់ការ ហ៊ុំព័ទ្ធសេដ្ឋកិច្ច និងការទូត វាយប្រហារធ្វើទ្បើងដោយរដ្ឋមួយ ទៅលើរដ្ឋមួយទៀត បំណងដើម្បីធ្វើខូចខាត បង្ខិតបង្ខំដើម្បីដាក់អាណានិគមហ្វាសស៊ី ប៉ុន្ដែរាល់ទង្វើអវិជ្ជមានទំាងនេះ នឹងហោះត្រឡប់មកចំលើខ្លួនឯងវិញ ដូចទៅនឹងដុំប៊ូមីរ៉ង Boomerang ដែលគេបោះទៅហើយវានឹងហោះវិលត្រឡប់មកចំខ្លួនវិញយ៉ាងដូច្នោះ។

បើពោលឲ្យចំ បំណងចង់ធ្វើឲ្យខូចខាតដល់គូប្រជែងរដ្ឋមួយ ដោយប្រើកម្លាំងយោធាអវិជ្ជមានរបស់ខ្លួន វានឹងហោះវិលត្រទ្បប់ធ្វើឲ្យខូចខាតដល់កេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចប្រទេសខ្លួនវិញ យ៉ាងដំណំ ព្រោះទំនាក់ទំនងសេដ្ឋកិច្ច ជាកម្លាំងខ្សែសង្វាក់ផ្គត់ផ្គង់ទីផ្សារហោះទៅហោះមកពុំអាចកំណត់បាន។

ហេតុនេះ ចំពោះលេសប្រើកម្លាំងយោធារបស់ទីក្រុងបាងកក ដើម្បីសង្កត់មកលើកម្ពុជា តាមទំនើងចិត្ដដើម្បីឲ្យគូប្រជែងចុះខ្សោយ គឺវានឹងត្រូវបានលាតត្រដាងថា ជាការភូតកុហក បង្កឲ្យមានកំហឹងដោយការប្រើកម្លាំងទ័ពឈ្លានពានគ្មានច្បាប់ទម្លាប់ ជាមនុស្សព្រៃ ប្រើច្បាប់ព្រៃ និងគ្មានភាពស៊ីវិល័យ នាំមានការតវ៉ាពីសាធារណជនពីគ្រប់ទិសទី យ៉ាងខ្លាំងក្លា ធ្វើឲ្យកម្លាំងប៊ូមីរ៉ងនឹងហោះវិលត្រទ្បប់មកចោទប្រកាន់ចំខ្លួនវិញទាំងស្រុង ដូចរបបហ្វាស៊ីស៕