សម្ដេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ចុះសួរសុខទុក្ខ  និងឧបត្ថម្ភថវិកា ដល់វីរយុទ្ធជន ១២រូប នៅមន្ទីរពេទ្យកាល់ម៉ែត

22-12-2025 07:42

(ភ្នំពេញ)៖ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងសមានចិត្តអាណិតអាសូរយ៉ាងពន់ពេកដល់វីរយុទ្ធជនកម្ពុជា ដែលរងរបួសដោយសារការខិតខំតស៊ូការពារបូរណភាពដែនដីយ៉ាងអង់អាចក្លាហាន ពីការឈ្លានពានដោយចោរសៀមសាជាថ្មី នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាមួយចំនួនដល់វីរកងទ័ពកម្ពុជា ចំនួន ១២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

វីរយុទ្ធជនទាំង ១២រូប ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតគឺ៖ ព្រឹន្ទបាលឯក ម៉ាន់ វ៉ , ឧត្តមសេនីយ៍ឯក សុខ ហេង, ឧត្តមសេនីយ៍ទោ ថុល សុវណ្ណ, ព្រឹន្ទបាលទោ វ៉ា មករា, វីរសេនីយ៍ទោ ទេព ភារ៉ា, ព្រឹន្ទបាលឯក ផាត់ ផាយ, មេបញ្ជាការរង ស៊ិប សួង, ព្រិនបាលទោ ម៉ែន សំអាត, ពលទោ លឿម ឡុង, ព្រឹន្ទបាលឯក ស្រ៊ី ស្រ៊ីត, ព្រឹន្ទបាលឯក កូ លាងផាត និងអនុសេនីយត្រី សុង ស៊ើប។

នាឱកាសនោះ សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានថ្លែងនូវក្តីអាណិតអាសូរយ៉ាងក្រៃលែង នៅពេលឃើញវីរយុទ្ធជនទាំងអស់មានរបួស ព្រោះការខិតខំតស៊ូការពារបូរណភាពដែនដី ដោយសារតែការឈ្លានពានរបស់ចោរសៀម។ សម្តេច បានលើកឡើងថា ចោរសៀម គឺជាជាតិសាសន៍អាក្រក់រកលេខដាក់គ្មាន ដែលមិនគួរណាប្រទេសនោះកាន់ពុទ្ធសាសនាដូចកម្ពុជា និងមានពណ៌សម្បុរប្រជាជនស្ទើរតែដូចខ្មែរ ប៉ុន្តែបែរជាពិសពុលបែបនេះ។

សម្តេច ឥស្សរវិទេសបញ្ញា ហោ ណាំហុង បានជូនពរដល់វីរយុទ្ធជនឆាប់បានជាសះស្បើយឡើងវិញ និងបួងសួងដល់ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារវីរកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕