បណ្ឌិត សៅ ជីវ័ន្ត នាំសម្ភារប្រើប្រាស់ចាំបាច់ ចំនួន ៨៥០កញ្ចប់ (ឃីត) ប្រគល់ជូនគណៈកម្មការគ្រប់គ្រងមណ្ឌលសុវត្ថិភាព សម្រាប់ចែកជូនពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព នៅ ខេត្ត បាត់ដំបង

22-12-2025 09:05

(បាត់ដំបង)៖ លោកបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយប្រធានមន្ទីរ និងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកសម្ភារប្រើប្រាស់ចាំបាច់ ចំនួន៨៥០កញ្ចប់ (ឃីត) ដែលជាអំណោយដ៏ថ្លៃថ្លាលើកទី២ របស់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ប្រគល់ជូនគណៈកម្មការគ្រប់គ្រង មណ្ឌលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋភៀសសឹក ចំនួន២កន្លែង នៅក្នុងស្រុកបវេល សម្រាប់ចែកជូនបងប្អូនភៀសសឹក និងគ្រួសារកងទ័ព ដែលកំពុងស្នាក់នៅក្នុងមណ្ឌល។

ក្នុងឱកាសនោះលោកបណ្ឌិត សៅ ជីវ័ន្ត បានចុះជួបសំណេះសំណាល តាមជំរករបស់បងប្អូន និងណែនាំដល់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ដែលកំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព ត្រូវយកចិត្តទុកដាក់លើការធ្វើអនាម័យ និងថែទាំសុខភាព ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ព្រមទាំងចូលរួមនូវ ក្នុងការថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ។

លោកបណ្ឌិតរដ្ឋលេខាធិការ ក៏បានជំរុញឱ្យប្រជាពលរដ្ឋភៀសសឹក ដែលមានកូនចៅ កំពុងរៀនសូត្រ ត្រូវបញ្ជូនពួកគេ ឱ្យបានចូលរៀនបន្ត នៅតាមសាលារៀន ដែលនៅជិតមណ្ឌលសុវត្ថិភាពបំផុត។

លោកបណ្ឌិតបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងយកចិត្តទុកដាក់ក្នុងការដោះស្រាយការលំបាក របស់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដូចជាការផ្គត់ផ្គង់ទឹកស្អាត ការផ្តល់ជូនធុងចម្រោះ និងបង្គន់អនាម័យ ដែលសុទ្ធសឹងជាតម្រូវការចាំបាច់ របស់បងប្អូនប្រើប្រាស់។

លោកបណ្ឌិត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ ជឿជាក់លើវីរកងទ័ពជួរមុខ ដ៏អង់អាចក្លាហាន និងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀតក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ថៃ។

ទន្ទឹមនឹងនេះ លោកបណ្ឌិត សៅ ជីវ័ន្ត បានថ្លែងអំណរគុណដល់គណៈកម្មការ គ្រប់គ្រងមណ្ឌលសុវត្ថិភាព ដែលបានផ្ដល់ការ យកចិត្តទុកដាក់ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដល់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥លោកបណ្ឌិត សៅ ជីវ័ន្ត រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បាននាំយកអំណោយរបស់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកស្រីលើកទី១ ទៅប្រគល់ជូនរដ្ឋបាល ខេត្តបាត់ដំបង សម្រាប់ចែក ជូនប្រជាពលរដ្ឋភៀសសឹក និងគ្រួសារកងទ័ព ដែលកំពុងស្នាក់នៅតាមមណ្ឌលភៀសសឹកនានា ក្នុងខេត្តបាត់ដំបង រួមមានសម្លៀកបំពាក់គ្រប់ប្រភេទ ១០០ប្រអប់, ធុងទឹក (ចំណុះ៤០លីត្រ) ចំនួន ១៦០ធុង, ឃីត ៤២០ឃីត, អង្ករ ២០គក្រ/ចំនួន ៤២០ការ៉ុង, ទឹកត្រី ៤២០យូរ និងទឹកស៊ីអ៉ីវ ៤២០យួរ៕