រដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញប្រគល់អំណោយរបស់សប្បុរសជននានា សម្រាប់យកទៅឧបត្ថម្ភដល់វីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹក តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ
22-12-2025 10:15
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់សប្បុរសជននានា ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងទីតាំងសុវត្ថិភាពនានា ក្នុងខេត្តបន្ទាយមានជ័យ តាមរយៈមន្ទីអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ។
សម្ភារប្រគល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យទាំងនោះរួមមានជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ រួមមានដូចជា៖ ១៖ មី ៥០កេស, ២៖ ត្រីខ ៥០០កំប៉ុង, ៣៖ អង្ករ ៤តោន, ៤៖ ទឹកសុទ្ធ ៥០កេស, ៥៖ នំកញ្ចប់៩ កញ្ចប់និងប្រអប់, ៦៖ ចម្រោះទឹក៥, ៧៖ សម្លៀកបំពាក់កូនក្មេង ១ថង់(៤៩ឈុត), ៨៖ សំឡីអនាម័យ ៣០០កញ្ចប់ និង៩៖ សាប៊ូម្សៅ ៣០០កញ្ចប់។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានសម្ដែងនូវអំណរយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជនទាំងអស់ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌ ដែលជាការរួបរួមសាមគ្គីជាធ្លុងមួយយ៉ាងរឹងមាំក្នុងស្មារតីខ្មែរតែមួយ សម្រាប់ជួយសម្រួលការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ក្នុងគ្រាលំបាក ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗ ជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម មិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រ៕











