សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ផ្តល់ជំនួយមនុស្សធម៌ដល់គ្រួសារ ដែលរងផលប៉ះពាល់ដោយសង្រ្គាមឈ្លានពានពីប្រទេសថៃ
22-12-2025 10:15
(ភ្នំពេញ)៖ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានផ្តល់ជំនួយមនុស្សធម៌របស់ខ្លួន ដល់គ្រួសារភៀសសឹក រងផលប៉ះពាល់ដោយសារសង្រ្គាម ដែលកំពុងបន្តកើតមាន សកម្មភាពនេះបង្ហាញពីសាមគ្គីភាព និងក្តីមេត្តាក្នុងគ្រាប្រទេសជាតិ កំពុងជួបការលំបាក។
ដោយមានការចូលរួមចំណែកដ៏សប្បុរសពីសមាជិកសមាគម សមាគមបានរៀបចំ និងផ្តល់ជំនួយបន្ទាន់សំខាន់ៗ ដល់គ្រួសារជនភៀសសឹក ដែលរស់នៅក្នុងជំរំនានា ក្នុងខេត្តដែលរងផលប៉ះពាល់រួមមានខេត្តពោធិ៍សាត់ កោះកុង បន្ទាយមានជ័យ ព្រះវិហារ។ ការបរិច្ចាគទាំងនេះ មានគោលបំណងជួយសម្រាលការលំបាកប្រចាំថ្ងៃ និងផ្តល់សម្ភារៈចាំបាច់ជាមូលដ្ឋានដល់សហគមន៍ងាយរងគ្រោះ ដែលត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះសម្បែង ដោយសារតែការឈ្លានពាន ពីប្រទេសថៃ។
សម្ភារៈដែលបានបរិច្ចាគរួមមាន ភួយ អាវរដូវរងា សម្លៀកបំពាក់កុមារ ខោ អាវយឺត អាវដៃវែង អង្ករ ត្រីខកំប៉ុង មី នំនិងឈើបាឡែត។ ការផ្គត់ផ្គង់ទាំងនេះត្រូវបានរៀបចំយ៉ាងយកចិត្តទុកដាក់ ដើម្បីដោះស្រាយទាំងតម្រូវការរស់នៅបន្ទាន់ និងការគាំទ្ររយៈពេលវែងសម្រាប់គ្រួសារ ដែលរស់នៅក្នុងជម្រកបណ្តោះអាសន្ន។
ក្រៅពីការផ្តល់ជំនួយផ្ទាល់ដល់គ្រួសារជនភៀសសឹក TAFTAC ក៏បានបរិច្ចាគតាមរយៈស្ថាប័នរដ្ឋាភិបាលសំខាន់ៗ រួមមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពាណិជ្ជកម្ម ក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីធានាថាជំនួយត្រូវបានចែកចាយប្រកបដោយប្រសិទ្ធភាព និងទៅដល់សហគមន៍ដែលរងផលប៉ះពាល់ទាន់ពេលវេលា។
គំនិតផ្តួចផ្តើមរបស់ TAFTAC ឆ្លុះបញ្ចាំងពីស្មារតីនៃសាមគ្គីភាពរឹងមាំ និងទំនួលខុសត្រូវសង្គមក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់កម្ពុជា។ សមាគមសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះសមាជិក TAFTAC ទាំងអស់ចំពោះការបន្តការគាំទ្រ សប្បុរសធម៌ និងការប្តេជ្ញាចិត្តក្នុងការឈររួមគ្នាជាមួយប្រជាជនកម្ពុជាក្នុងអំឡុងពេលដ៏លំបាកនេះ។
តាមរយៈសកម្មភាពរួមនិងទំនួលខុសត្រូវរួម TAFTAC បញ្ជាក់ជាថ្មីនូវការយកចិត្តទុកដាក់របស់ខ្លួនមិនត្រឹមតែ ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សាមគ្គីភាពជាតិ និងជំនួយមនុស្សធម៌នៅពេលដែល ចាំបាច់៕











