លោក ឆាយ ឫទ្ធិសែន អញ្ជើញប្រគល់អំណោយរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជាការ ព្រមទាំងសប្បុរសជន សម្រាប់យកទៅឧបត្ថម្ភជូនដល់គ្រួសារកងទ័ព និងជនភៀសសឹក តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀម
22-12-2025 10:21
(ភ្នំពេញ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈអចិន្ដ្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញប្រគល់អំណោយដែលជាការឧបត្ថម្ភរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង ព្រមទាំងសប្បុរសជន ចូលរួមក្នុងមូលនិធិសប្បុរសធម៌ ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងទីតាំងសុវត្ថិភាពនានាក្នុងខេត្តសៀមរាប តាមរយៈមន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាប។
អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ដែលឯកឧត្តមរដ្ឋមន្ដ្រី ប្រគល់ជូនមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប មានដូចជា៖ ១៖ ឃីតសម្ភារ ៥៤០កញ្ចប់, ២៖ កន្ទេល ២០០, ៣៖ មុង ២០០, ៤៖ ភួយ ២០០, ៥៖ សារុង និង ក្រម៉ា ២០០, ៦៖ ច្រាសធ្មេញនិងថ្នាំដុសធ្មេញ ៣០០គូរ, ៧៖ មី ស្ករស អំបិល ប៊ីចេង ព្រមទាំងសម្ភារចាំបាច់មួយចំនួនទៀត។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី បានសម្ដែងនូវអំណរយ៉ាងជ្រាលជ្រៅជូនចំពោះសប្បុរសជននានា ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌ ដែលជាការរួបរួមសាមគ្គីជាធ្លុងមួយយ៉ាងរឹងមាំក្នុងស្មារតីខ្មែរតែមួយ សម្រាប់ជួយសម្រួលការលំបាករបស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ក្នុងគ្រាលំបាក ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនទាំងអស់ រួមគ្នាជាធ្លុងមួយយ៉ាងរឹងមាំ និងបន្ដជឿជាក់លើវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន និងគាំទ្រព្រមទាំងជឿជាក់លើសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបទៀត ក្នុងការការពារបូរណភាពទឹកដី និងដែនអធិបតេយ្យភាពកម្ពុជា ពីការឈ្លានពានរបស់ចោរសៀម មិនឱ្យបាត់បង់សូម្បីតែ ១មីលីម៉ែត្រ៕









