សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់គណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពនាយចំណង់ ប៊ុន តុងធៀន ដែលបានពលីក្នុងសមរភូមិ

22-12-2025 10:23

(បាត់ដំបង)៖ ក្នុងសមានទុក្ខក្ដុកក្ដួល ខ្សឹបខ្សួលរំជួលចិត្តឥតឧបមា ចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហាន ដែលបានពលីក្នុងសមរភូមិ, កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យគណៈប្រតិភូសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព នាយចំណង់ ប៊ុន តុងធៀន ដែលបានពលីក្នុងសមរភូមិ ហើយពិធីបុណ្យសពបានប្រព្រឹត្តទៅតាមប្រពៃណីជាតិខ្មែរនៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជាសមានចិត្តគោរព និងជាការដឹងគុណតាមប្រពៃណីជាតិខ្មែរ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសពវីរយុទ្ធជនពលី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕