ស្មារតីស្នេហាជាតិ ខ្មែរជួយខ្មែរ ! បណ្ឌិត គុណ ញឹម បន្តនាំយកអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តពោធិ៍សាត់ និងបន្ទាយមានជ័យ
22-12-2025 12:08
(ភ្នំពេញ)៖ បន្ទាប់ពីប្រគល់អំណោយដល់វីរកងទ័ពជួរមុខរួចមក នាថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធានសមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីគយនិងរដ្ឋាករមួយចំនួន បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដើម្បីប្រគល់ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន ៣ ៣០៣ គ្រួសារ ដែលនៅក្នុងខេត្តពោធិ៍សាត់ មានចំនួន ៨៨៣ គ្រួសារ និងខេត្តបន្ទាយមានជ័យ មានចំនួន ២ ៤២០ គ្រួសារ។
ពិធីប្រគល់អំណោយនេះ បានរៀបចំនៅជំរំជនភៀសសឹកចំនួន ៤ ទីតាំងផ្សេងគ្នា ក្នុងខេត្តទាំង២ ដោយមានការសហការរៀបចំដោយអាជ្ញាធរមូលដ្ឋាន និងព្រះចៅអធិការវត្ត ក្នុងទីតាំងនីមួយៗ។
ក្នុងឱកាសនោះ បណ្ឌិត គុណ ញឹម បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលជានិច្ចកាលតែងយកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលរងគ្រោះដោយសារអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា។
លោកបណ្ឌិត បានលើកឡើងថា អំណោយដែលបានយកមកជូននាពេលនេះ ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពខ្មែរតែមួយ ដែលប្រជាពលរដ្ឋទូទាំងប្រទេស ស្របតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល បាននិងកំពុងចូលរួមលះបង់ធនធាន និងកម្លាំងកាយ ចិត្ត ឧបត្ថម្ភជាថវិកា និងសម្ភារៈផ្សេងៗ ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋភៀសសឹក និងគ្រួសារវីរកងទ័ព ដែលបានជម្លៀសមកទីសុវត្ថិភាពដោយសារការឈ្លានពានរបស់ទាហានសៀម ។
លោកបណ្ឌិត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋក្នុងជំរំជនភៀសសឹក ឱ្យយកចិត្តទុកដាក់រក្សាអនាម័យ ថែទាំងសុខភាព បង្ការជំងឺដំកាត់នានា និងសូមឱ្យបងប្អូនប្រជាពលរដ្ឋមានការអត់ធ្មត់ ដោយត្រូវជឿជាក់លើការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកដំណោះស្រាយ ឈានទៅបញ្ចប់សង្រ្គាម និងនាំយកសុខសន្តិភាព ជូនដល់ប្រទេសជាតិនិងប្រជាពលរដ្ឋរបស់យើងនាពេលខាងមុខនេះ ហើយបងប្អូនអាចវិលត្រឡប់ទៅលំនៅដ្ឋាន ភូមិ ស្រុក រៀងៗខ្លួនវិញ។
អំណោយសម្រាប់ចែកជូននាឱកាសនេះ រួមមាន អង្ករ ១៦ ៥១៥ គីឡូក្រាម, ទឹកសុទ្ធ ១ ៣៣២ កេស, មីកញ្ចប់ ៣ ៣០៣ កេស និងកញ្ចប់ (Kits) ចំនួន ៣ ៣០៣ (១ កញ្ចប់សម្រាប់ ១ គ្រួសារ) ដោយ ក្នុង Kits នីមួយៗ រួមមាន ភួយ ១, ទឹកស៊ីអ៊ីវ ២ ដប, ទឹកត្រី ២ ដប, ត្រីខ ៥កំប៉ុង, ទឹកដោះគោខាប់ ៥ កំប៉ុង, ទឹកដោះគោស្រស់ ១ យួរ ស្មើ ៤ កំប៉ុង, កាហ្វេ ១០ កញ្ចប់តូច, ច្រាសដុសធ្មេញ ២, ថ្នាំដុសធ្មេញ ១, សាប៊ូដុសខ្លួន ១ ដុំ, ម្សៅសាប៊ូ Ora ១ កញ្ចប់ ស្មើ ១១០ក្រាម, សំឡីអនាម័យ ១ ដុំ, ឆៃប៉ូវផ្អែម កន្លះគីឡូក្រាម, ទឹកក្រូច ៥ កំប៉ុង, សារុង ១, អាវរងា ១, ស្ករស ១ គីឡូក្រាម និងថវិកា ៥០ ០០០ រៀល។
លោកបណ្ឌិត ក៏ប្រគល់ថវិកាមួយចំនួនផងដែរ ជូនព្រះចៅអធិការវត្តអូរប្រាសាទ និងវត្តអញ្ចាញ សម្រាប់រួមចំណែក សម្រាលបន្ទុកចំណាយប្រចាំថ្ងៃក្នុងការរៀបចំទ្រទ្រង់ប្រជាពលរដ្ឋភៀសសឹកក្នុងវត្ត។
គួរបញ្ជាក់ថា សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ធ្លាប់បានយកអំណោយឧបត្ថម្ភជូនជនភៀសសឹកជាច្រើនលើករួចមកហើយ ចាប់តាំងពីពេលមានការប៉ះទង្គិចគ្នាតាមព្រំដែន រវាងកងទ័ពកម្ពុជា និងថៃ។ សមាគមសង្គហមិត្តមន្ដ្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្តេជ្ញាបន្តនាំយកជំនួយឧបត្ថម្ភសម្រាប់ជនភៀសសឹក តាមបណ្តាខេត្តនានាជាបន្តបន្ទាប់ទៀត៕































