កាកបាទក្រហមកម្ពុជា រៀបចំវេទិកាផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រតិភូយុវជនកាកបាទក្រហមជប៉ុន ដើម្បីឈានទៅរកការដាក់ផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នានៅឆ្នាំ២០២៦ (Video inside)

22-12-2025 13:44

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានរៀបចំវេទិកាផ្លាស់ប្តូរបទពិសោធន៍រវាងយុវជនកាកបាទក្រហមកម្ពុជា និងប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា ក្រោមអធិបតីភាពលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក Takaaki Shantani នាយកផ្នែកទំនាក់ទំនងអន្តរជាតិកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា។

វេទិកាខាងលើនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីថ្នាក់កណ្តាល មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប យុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា និងយុវជនកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប យុវជនកាកបាទក្រហមកម្ពុជាមកពីគ្រឹះស្ថានឧត្តមសិក្សា ៥ ក្នុងរាជធានីភ្នំពេញ សរុប ៩៥នាក់ ដែលប្រព្រឹត្ដទៅនៅថ្ងៃរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើមនៃវេទិកានេះ លោក Takaaki Shantani ប្រធានប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា បានថ្លែងចំណាប់អារម្មណ៍ និងថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលមាន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងថ្នាក់ដឹកនាំ មន្ដ្រីប្រតិបត្តិសាខា ខេត្តសៀមរាប ដែលបានទទួលស្វាគមន៍ប្រតិភូយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅក្នុងពេលស្នាក់នៅ និងធ្វើសកម្មភាពរួមគ្នារយៈពេល ៥ថ្ងៃកន្លងមកនេះ។

ប្រធានប្រតិភូរូបនេះ បានគូសបញ្ជាក់ថា អនុស្សាវរីយ៍ និងសកម្មភាពទាំងអស់នេះ នឹងបន្ដអនុវត្តស្របតាមអនុស្សរណៈយោគយល់គ្នា ដែលសមាគមជាតិទាំង២ បានចាប់ដៃគ្នាអនុវត្តរួមគ្នារយៈពេល ៥ឆ្នាំ ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលជាបន្ដបន្ទាប់។

ជាមួយគ្នានេះដែរលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា បានថ្លែងមតិ សំណេះសំណាល និងកោតសរសើរចំពោះថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងប្រតិភូយុវជន ទាំងអស់ ដែលបានអនុវត្តសកម្មភាពរួមគ្នាបានយ៉ាងជោគជ័យក្នុងរយៈពេល ៥ថ្ងៃកន្លងទៅ។ ការរៀបចំ វេទិកានារសៀលនេះ អាចនឹងស្វែងរកបញ្ហាប្រឈម ចំណុចខ្លាំង ចំណុចខ្វះខាត សម្រាប់ដោះស្រាយ រួមគ្នា ពិសេសឈានទៅរកការដាក់ផែនការសកម្មភាពសម្រាប់អនុវត្តរួមគ្នានៅឆ្នាំ២០២៦ ខាងមុខ។

បន្ទាប់មកទៀតប្រតិប្រតិភូយុវជនកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា បានឡើងធ្វើបទបង្ហាញលើ ប្រធានបទសំខាន់ៗ ៣ រួមមាន៖ ១) សន្ដិភាព ២) ការប្រែប្រួលអាកាសធាតុ និង៣) គ្រោះមហន្ដរាយ ដើម្បីជាមូលដ្ឋានក្នុងកិច្ចពិភាក្សាតាមក្រុម ដោយបែងចែកជា ៦ក្រុម សម្រាប់ឡើងធ្វើបទបង្ហាញពីលទ្ធផល នៃក្រុមនីមួយៗ។

នៅពេលវេទិកាបានបញ្ចប់ លោកអគ្គលេខាធិការរងទី២ ក៏បានផ្ដល់ប័ណ្ណបញ្ជាក់ពីការចូលរួមទស្សនកិច្ចសិក្សាផ្លាស់ប្ដូរបទពិសោធន៍ ដល់ប្រតិភូយុវជនទាំងអស់ផងដែរ។

គួរបញ្ជាក់ផងដែរថា វេទិកានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹង នៃទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ និងចូលរួមផ្តល់ធាតុចូលក្នុងផែនការឆ្នាំ២០២៦ សម្រាប់យុវជនកាកបាទក្រហមកម្ពុជា ១២នាក់ យកទៅទស្សនកិច្ចសិក្សានៅកាកបាទក្រហមជប៉ុន សាខាហ៊ីរ៉ូស៊ីម៉ា៕