ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ដាក់ចេញអនុសាសន៍ ៩ចំណុច សំដៅរួមចំណែកក្នុងការធ្វើកំណែទម្រង់​វិស័យអប់រំឱ្យមានប្រសិទ្ធភាព

22-12-2025 13:57

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញអនុសាសន៍ ៩ចំណុច ដើម្បីឆ្លើយតបនឹងលទ្ធផលនៃរង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) របស់កម្ពុជា និងសំដៅរួមចំណែកក្នុងការធ្វើកំណែទម្រង់វិស័យអប់រំនៅកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដាក់ចេញអនុសាសន៍ដូចនេះ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ នាឱកាសអញ្ជើញជាអធិបតីបើកវេទិកាសាធារណៈស្តីពី ថវិកាអប់រំប្រចាំឆ្នាំ ២០២៥ និងផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី រង្វាយតម្លៃលទ្ធផលសិក្សា របស់សិស្សកម្រិតបឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) របស់កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការ អគ្គនាយក តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ តំណាងសាលាគរុកោសល្យ រាជធានី ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាលគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ គ្រឹះស្ថានកម្រិតនាយកដ្ឋានជាច្រើននាក់ផងដែរ។

អនុសាសន៍ទាំង ៩ចំណុច ដើម្បីឆ្លើយតបនឹងលទ្ធផលនៃរង្វាយតម្លៃ SEA-PLM ឆ្នាំ២០២៤ ក៏ដូចជារបាយការណ៍វឌ្ឍនភាពកំណែទម្រង់វិស័យកន្លងមករបស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានដូចជា៖
(១) សូមក្រុមការងារមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តពង្រឹងសមត្ថភាពជាប្រចាំបន្ថែមទៀត ជាពិសេស ភាពជាអ្នកដឹកនាំ និងភាពជាម្ចាស់លើរាល់បេសកកម្មរបស់ខ្លួន គ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងភាពឆ្លាតវៃ (២) សូមផ្តល់ឱកាស និងបណ្ដុះបណ្ដាលអ្នកជំនាន់ក្រោយ (៣) ពង្រឹងវិធីសាស្ត្របង្រៀន ជាពិសេសគឺការបង្រៀនសិស្សខ្សោយ និងត្រូវចុះទៅរៀនសូត្រដោយផ្ទាល់ដល់ថ្នាក់រៀន និងសាលារៀន (៤) ពង្រឹងវិធីសាស្ត្រគ្រប់គ្រងថ្នាក់រៀន (៥) អង្គភាពនីមួយៗត្រូវមានផែនការសកម្មភាពជាក់លាក់ (៦) យល់ច្បាស់ពីភាសាខ្មែរ (៧) យល់ច្បាស់ពីការបង្រៀនភាសាខ្មែរ (៨) យល់ច្បាស់ពីស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងចិត្តគរុកោសល្យគ្រូបង្រៀន និង (៩) ដើម្បីជំរុញប្រសិទ្ធភាព និងប្រសិទ្ធផលការងារ គ្រប់អង្គភាពទាំងអស់ត្រូវតែចែករំលែកព័ត៌មាន ស្វែងយល់ពីគ្នា និងមានការឯកភាពគ្នា និងសូមបន្តកិច្ចសហការឱ្យបានល្អជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅសម្រេចសមិទ្ធផលរួមគ្នាថ្មីៗបន្ថែមទៀត។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា ក្រសួងអប់រំ យុវជន និងកីឡា ប្តេជ្ញាចិត្តជំរុញកំណែទម្រង់ស៊ីជម្រៅជាប្រព័ន្ធ ដែលទាមទារឱ្យមានស្តង់ដាខ្ពស់ជាងមុន មានគណនេយ្យភាពរឹងមាំជាងមុន និងប្រើប្រាស់ធនធានសាធារណៈប្រកបដោយយុទ្ធសាស្ត្រជាងមុន។

លោកបណ្ឌិតសភាចារ្យ បញ្ជាក់ដែរថា សិស្សានុសិស្សកម្ពុជានឹងរៀនសូត្រជាមួយនឹងគ្រូបង្រៀន ដែលទទួលបានការលើកទឹកចិត្តសមរម្យ មានគុណវុឌ្ឍិខ្ពស់ ការបង្រៀនប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការប្តេជ្ញាចិត្តពេញលេញចំពោះការសិក្សារបស់សិស្ស។ ក្រសួងនឹងដឹកនាំការធ្វើកំណែទម្រង់ទាំងនេះ ប្រកបដោយការប្តេជ្ញាចិត្ត តម្លាភាព និងភាពឆ្លើយតប៕