គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនគ្រួសារសពវីរយុទ្ធជន អ៊ាន សុខ ដែលបានពលីក្នុងសមរភូមិមុខ

22-12-2025 14:29

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ គណៈប្រតិភូរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប៉ែន កុសល្យ អភិបាលខេត្ត អញ្ជើញដាក់កម្រងផ្កាគោរពដួងវិញ្ញាណក្ខន្ធសព លោកអនុសេនីយ៍ទោ អ៊ាន សុខ ដែលជាវីរយុទ្ធជនបានពលីជីវិតក្នុងសមរភូមិមុខ ក្នុងការការពារជាតិ និងការការពារទឹកដីកម្ពុជា ពីចោរឈ្លានពានថៃ។

ពិធីគោរពវិញ្ញាណក្ខន្ធនេះ បានប្រារព្ធឡើងនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិអង្គរជ័យ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក្នុងបរិយាកាសដ៏សោកសង្រេងជាទីបំផុត ប៉ុន្តែពោរពេញដោយមោទនភាពជាតិដ៏ឧត្តុងឧត្តមបំផុត។

ក្នុងឱកាសដ៏ក្រៀមក្រំនោះ លោក ឡុង ធាម និងលោក ប៉ែន កុសល្យ ព្រមទាំងថ្នាក់ដឹកនាំខេត្ត ប្រគល់ថវិកាមួយចំនួនរបស់រដ្ឋបាលខេត្ត ជូនគ្រួសារសព លោកអនុសេនីយ៍ទោ អ៊ាន សុខ និងបានចូលរួមនូវការសោកស្ដាយ និងសេចក្ដីអាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់វីរយុទ្ធជនដ៏អង់អាចក្លាហាន ដើម្បីជាតិ និងប្រជាជនកម្ពុជាយើង។

ថ្នាក់ដឹកនាំខេត្តទាំង២រូប បានគូសបញ្ជាក់ថា ការពលីរបស់លោកអនុសេនីយ៍ទោ អ៊ាន សុខ គឺជាការលះបង់ដ៏ខ្ពង់ខ្ពស់បំផុតក្នុងនាមជាកងកម្លាំងការពារជាតិ ដើម្បីថែរក្សាសុខសន្តិភាព និងបូរណភាពទឹកដីជូនប្រជាជន និងមាតុភូមិកម្ពុជា ពីចោរឈ្លានពានថៃ។

ជាមួយគ្នានេះ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលខេត្ត ក៏បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងនាំយកសាររំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រគល់ជូនដល់ក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ទោ អ៊ាន សុខ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕