សប្បុរសជនក្នុងក្រុងសៀមរាប នាំយកអំណោយ និងសម្ភារសិក្សា ចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកជិត២០០គ្រួសារ នៅស្រុកបន្ទាយស្រី

22-12-2025 14:35

(សៀមរាប)៖ ក្នុងស្មារតី «ខ្មែរជួយខ្មែរ» បងប្អូនសប្បុរសជនក្នុងក្រុងសៀមរាប នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នាំយកអំណោយ និងសម្ភារសិក្សា ចែកជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សភៀសសឹកកំពុងស្នាក់នៅបណ្ដោះអាសន្ន នៅក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

លោក ម៉ៅ ណា មេភូមិត្បែងខាងលិច បានឱ្យដឹងថា ចាប់តាំងពីមានករណីទាហានថៃចូលឈ្លានពានតាមព្រំដែនកម្ពុជាមក ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែនបានជម្លៀសខ្លួនមកកាន់តំបន់សុវត្ថិភាពចំនួន ២ទីតាំង រួមមាន៖ វត្តដំណាក់ធ្លកវារ៍ ចំនួន ១១៩គ្រួសារ និងវត្តត្បែង ចំនួន ៨០គ្រួសារ។ ក្នុងចំណោមនោះ មានកុមារ និងយុវជន ដែលជាសិស្សានុសិស្សចាប់ពីកម្រិតមតេ្តយ្យ ដល់វិទ្យាល័យចំនួន ១៦៨នាក់។

លោកបានបន្តថា ទោះស្ថិតក្នុងស្ថានភាពជាជនភៀសសឹកក៏ដោយ ប៉ុន្តែកុមារៗ ត្រូវបានសម្របសម្រួលឱ្យចូលរៀននៅសាលារដ្ឋ ក្នុងមូលដ្ឋាននាពេលព្រឹក និងមានការបង្រៀនបន្ថែម ដោយលោកគ្រូ-អ្នកគ្រូ ដែលភៀសសឹកមកជាមួយគ្នា នៅពេលរសៀលផងដែរ។

លោកស្រី ឈឹន សុភាព គ្រូបង្រៀននៅសាលាបឋមសិក្សា ហ៊ុន សែន ស្រះឈូក ស្រុកអន្លង់វែង ដែលបានភៀសសឹកមកជាមួយពលរដ្ឋ ក៏បានលះបង់ កម្លាំងកាយចិត្តបង្រៀនសិស្សចំនួន ៤០នាក់ បន្ថែមនៅក្នុងវត្ត។

លោកស្រីក៏បានសម្ដែងនូវការត្រេកអរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជន ដែលបានមើលឃើញពីការលំបាក និងផ្ដល់សម្ភារសិក្សាចាំបាច់ដល់កុមារៗចំពេល ដែលពួកគេកំពុងខ្វះខាត។

កញ្ញា រិទ្ធា សុគន្ធី តំណាងសប្បុរសជន បានលើកឡើងថា អំណោយទាំងនេះ គឺកើតចេញពីសទ្ធាជ្រះថ្លា និងកម្លាំងសាមគ្គីរបស់មិត្តភក្កិបងប្អូន ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនដែលជាជនភៀសសឹក។

កញ្ញាបន្ថែមថា ដោយឃើញប្អូនៗមានស្មារតីស្រឡាញ់ការរៀនសូត្រ ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏មិនបោះបង់ចោលសៀវភៅ និងការសិក្សាដែរ។ ដូច្នេះសូមប្អូនៗប្រែក្លាយការឈឺចាប់ពីការឈ្លានពានមួយនេះ ឱ្យទៅជាកម្លាំងចិត្តខិតខំរៀនសូត្រ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំរបស់ជាតិទៅអនាគត។

សូមជម្រាបថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសប្បុរសជន នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងតម្រូវការចាំបាច់នានា ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមណ្ឌលសុវត្ថិភាព ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានបោះបង់ចោលក្នុងគ្រាដ៏លំបាកនេះឡើយ៕