អភិបាលខេត្តកំពង់ចាម ស្នើឱ្យអង្គការដៃគូផ្នែកពិការរភាព ធ្វើការអំពាវនាវមជ្ឈដ្ឋានអន្តរជាតិ ជួយអន្តរាគមន៍បញ្ឈប់សង្គ្រាមឈ្លានពានរបស់ថៃ ដែលនាំឲ្យមានជនស្លូតត្រង់រងពិការភាពបន្តទៀត
22-12-2025 14:40
(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកជាយោបល់ស្នើអង្គការដៃគូអភិវឌ្ឍន៍លើវិស័យពិការភាព ជួយធ្វើសេចក្តីរាយការណ៍អំពី ការអូសបន្លាយសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា និងធ្វើការអំពាវនាវដល់មជ្ឈដ្ឋានអន្តរជាតិ ដើម្បីជួយអន្តរាគមន៍បញ្ឈប់ការឈ្លានពាននោះ ដើម្បីកុំឱ្យមានប្រជាពលរដ្ឋរងគ្រោះ ក្លាយជាជនមានពិការភាពបន្តទៀត។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសប្រារព្ធទិវាជនមានពិការភាពកម្ពុជា លើកទី២៧ និងអន្តរជាតិលើកទី៤៣ នៅបរិវេណសាលាស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានបន្តទៀតថា ប្រធានបទ នៃទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្នុងឆ្នាំ២០២៥នេះ ជាសារដាស់តឿន ជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិ សេរីភាព សុខុមាលភាពរបស់ជនមានពិការភាព នៅគ្រប់កម្រិតក្នុងសង្គម និងគ្រប់ការអភិវឌ្ឍ ព្រមទាំងផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាពជនមានពិការភាព នៅគ្រប់ទិដ្ឋភាពនៃជីវិតរួមមាន៖ ទិដ្ឋភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងកីឡាជាដើម។
ទិវានេះក៏នឹងផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការជំរុញការធ្វើបរិយាបន្នពិការភាពនៅក្នុងផែនការសកម្មភាព និងកម្មវិធីនានារបស់ក្រសួង ស្ថាប័នដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិ លើកទី៤២ កាលពីឆ្នាំ២០២៤ ដោយការផ្លាស់ប្ដូរ និងអភិវឌ្ឍន៍វិស័យពិការភាពឱ្យកាន់តែប្រសើរឡើង ថែមទៀត ដែលជាការរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា៕
















