កម្លាំងសាមគ្គីមហាគ្រួសារខ្មែរ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចង្អុលបង្ហាញក្រុមយុវជនបូជាការពារយុត្តិធម៌ នាំយកស្បៀងអាហារប្រគល់ជូនវីរកងទ័ពជួរមុខ និងជនភៀសខ្លួន

22-12-2025 14:41

(ភ្នំពេញ)៖ ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានចាត់ក្រុមការងារយុវជនរៀបចំស្បៀងអាហារ និងសម្ភារៈចាំបាច់មួយចំនួន យកទៅប្រគល់ជូនដល់វីរកងទ័ព និងជនភៀសសឹក។

នៅថ្ងៃទី២២ ខែធ្នូនេះ បណ្តាញសង្គមយុវជនបូជាការពារយុត្តិធម៌ បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈនេះ ស្មារតីតែមួយការពារជាតិពីខ្មាំងសត្រូវ! ក្រុមយុវជនស្រាក់ដៃគ្នា បង្ហាញពីស្មារតីសាមគ្គីផ្ទៃក្នុងដ៏រឹងមាំ និងការលើកទឹកចិត្តគាំទ្រកងទ័ពជួរមុខ និងប្រជាជនភៀសសឹក ជាមួយឆន្ទៈតែមួយគាំទ្រ និងជឿជាក់សម្តេចតេជោ សម្តេចធិបតី រាជរដ្ឋាភិបាល និងវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង។

ការចូលរួមរបស់ក្រុមយុវជន ដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ធ្វើឡើងតាមរយៈការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការគាំទ្រដល់កងកម្លាំងគ្រប់ប្រភេទ និងជនភៀសសឹក។

គួររំឭកថា បន្ទាប់ពីយោធាថៃឈ្លានពានជាថ្មីមកលើបូរណភាពទឹកដីកម្ពុជា, អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធបានចាត់ក្រុមយុវជន និងសិល្បករជាច្រើនផ្នែក ចុះរៀបចំស្បៀងអាហារដល់សមរភូមិមុខ ដើម្បីប្រមូលទិញអំបុក, ប្រមូលត្រីធ្វើងៀត, បាយដំណើមត្រីអាំង, ផលិតទឹក និងផ្នែកទទួលអំណោយសប្បុរសធម៌ពីបងប្អូនប្រជាពលរដ្ឋ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដី និងបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលភៀសខ្លួន ដោយសារសង្រ្គាមឈ្លានពានរបស់យោធាថៃ៕