អ្នកនាំពាក្យរាជរដ្ឋាភិបាល រំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រឌិតព័ត៌មានបំបែកបំបាក់របស់ថៃ និងក្រុមជ្រុលនិយម (Video inside)
22-12-2025 14:51
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រឌិតព័ត៌មានបំបែកបំបាក់របស់ភាគីថៃ និងក្រុមជ្រុលនិយម។
យោងតាមបណ្ដាញសង្គមផ្លូវការរបស់ លោក ប៉ែន បូណា បានលើកឡើងថា «សូមបងប្អូនបន្តការប្រុងប្រយ័ត្នចំពោះសង្គ្រាមចិត្តសាស្ត្ររបស់ថៃ និងក្រុមជ្រុលនិយមនៅក្រៅប្រទេសប៉ុន្មាននាក់ដែលបម្រើប្រទេស ឈ្លានពានហើយតែងតែផ្សាយព័ត៌មានក្លែងក្លាយ ប្រឌិត បំផ្លើស បំភ្លៃដើម្បីធ្វើឱ្យមានការភាន់ច្រឡំ ក្នុងន័យបំបែកបំបាក់កម្លាំង សាមគ្គីដ៏រឹងមាំរបស់ខ្មែរ»។
ក្នុងន័យនេះ លោក ប៉ែន បូណា អំពាវនាវឲ្យពលរដ្ឋត្រួតពិនិត្យព័ត៌មានពី គេហទំព័រ និងបណ្តាញសង្គមផ្លូវការ របស់រដ្ឋាភិបាល ជាពិសេសកុំចែករំលែកព័ត៌មានដែលមិនប្រាកដ និងទទួលព័ត៌មានពី ប្រភពជាក់ស្តែង ដើម្បីកុំឲ្យមានការភាន់ច្រឡំ៕





