សហគមខ្មែរឥស្លាមខេត្តកណ្ដាល រៃអង្គាសស្បៀងសម្រាប់បញ្ជូនទៅជួយកងទ័ព និងជនភៀសសឹក
22-12-2025 15:33
(កណ្ដាល)៖ សហគមន៍ខ្មែរឥស្លាមខេត្តកណ្ដាល បានរៃអង្គាសស្បៀងអាហារមួយចំនួនធំដើម្បីបញ្ជូនទៅកាន់កងទ័ព និងបងប្អូនពលរដ្ឋដែលកំពុងរងគ្រោះក្លាយជាជនភៀសសឹកដោយសារសៀមឈ្លានពានទឹកដី ។
លោកម៉ាត់ សាលីម ជំទប់ទី១ ឃុំស្វាយប្រទាល ស្រុកស្អាង បានឲ្យដឹងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៥នេះថា លោកបានធ្វើការអំពាវនាវ រៃអង្គាសស្បៀងតាំងពីថ្ងៃផ្ទុះសង្រ្គាមថ្ងៃដំបូងមកម្លេះ ហើយមានការឈឺចាប់យ៉ាងខ្លាំងដោយសារយោធាសៀម បានឈ្លានពានមកដែនអធិបតេយ្យជាតិខ្មែរយើង ហើយបង្ករឲ្យមានជនភៀសសឹករាប់សិបមឺននាក់ ។
លោកបន្តថា ដ្បិតថា រៃអង្គាសបានតិចតួចក្ដី តែទាំងនេះជាទឹកចិត្តដ៍ប្រពៃរបស់បងប្អូនពលរដ្ឋខ្មែរឥស្លាមយើងដែលមានជីវភាពលំបាកស្រាប់ប៉ុន្តែសុទ្ធតែជាអ្នកមានបេះដូង អាណិតដល់ជនភៀសសឹក និងអាណិតដល់កងទ័ពដែលកំពុងច្បាំង តតាំងនឹងសត្រូវឈ្លានពាន ។
លោកថា អំណោយទាំងទាំងនេះ បានប្រគល់មកជូនលោក ស៊ូ សេន អីម៉ាំខេត្តកណ្ដាល ដើម្បីចាត់ចែងបន្តទៅកាន់គោលដៅ ។
លោកស៊ូ សេន អីម៉ាំខេត្តកណ្ដាល និងជាសមាជិកក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណដល់លោក ម៉ាត់ សាលីម និងក្រុមការងារទាំងអស់ដែលបានខិតខំប្រមូលស្បៀងអាហារទាំងនេះ ដែលនេះសបញ្ជាក់ឲ្យឃើញពីទឹកចិត្តរបស់បងប្អូនខ្មែរឥស្លាមដែលស្រលាញ់ជាតិ អាណិតអាសូរដល់កងទ័ព និងជនភៀសសឹកទាំងអស់ ។
លោកថា លោកបានរៀបចំការរៃអង្គាសជំនួយនេះផងដែរតាំងពីថ្ងៃបំដូងមកម្លេះ ហើយបានបញ្ជូនស្បៀងទៅជួយជាបន្តបន្ទាប់រហូតមក ។ លោកក៍សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបន្តជួយផ្ដល់ជំនួយបន្ថែមទៀត ទោះតិចតួចក្ដី ដើម្បីជួយដល់កងទ័ពសមរភូមិមុខ និងជួយដល់ជនភៀសសឹកយើងដែលកំពុងរងគ្រោះដោយសារចោរសៀមឈ្លានពាន។
សូមជម្រាបថា អំណោយទាំងអស់របសយក្រុមការងារលិកម៉ាត់ សាលីម រួមមាន៖ អង្ករ ៣៥ បាវ ទឹកសុទ្ធ ៥២៦ យួរ មី ៤៨កេស ទឹកស៊ីអ៊ីវ ទឹកត្រី៤០យួរ មុង ២០ ភួយ ១០ កន្ទេល ៥ សំលៀកបំពាក់ ២បាវធំ ឆៃប៉ូវ ៣០ គីឡូ ផ្អក ប្រហុក ១០ គីឡូ រួមទាំង នំកញ្ចប់ ,ម៉ាស់ ,កាហ្វេ ,ទឹកដោះគោ ,គ្រឿងទេស និងសំភារៈប្រេីប្រាស់ជាច្រើនទៀត៕


































