អ្នកឧកញ៉ា គិត ម៉េង ចាត់តំណាងយកអំណោយសប្បុរសធម៌ របស់មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងសប្បុរសជន ជូនដល់គ្រួសារជនភៀសសឹក នៅខេត្តកោះកុង (Video inside)

22-12-2025 16:26

(កោះកុង)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ឡាវ កាង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំ ថ្នាក់ដឹកនាំ និងបុគ្គលិកសភាពាណិជ្ជកម្មកម្ពុជា យកអំណោយសប្បុរសធម៌ របស់ មហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជា និងស​ប្បុរសជន ដែលបានបរិច្ចាគ តាមមូលនិធិសភាពាណិជ្ជកម្មកម្ពុជា ជូនដល់គ្រួសារជនភៀសសឹក នៅខេត្តកោះកុង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។

សូមជម្រាបថា អ្នកឧកញ៉ា គិត ម៉េង បានសម្រេចបង្កើតមូលនិធិ សភាពាណិជ្ជកម្មកម្ពុជា ដើម្បីទទួលនូវអំណោយគ្រប់ប្រភេទ ដើម្បីរួមកម្លាំងខ្មែរតែមួយ ក្នុងការជួយដល់ជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់កម្ពុជា និងចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្រៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

សាធារណៈជនទាំងអស់ និងសប្បុរសជន អាចមកបរិច្ចាគនៅស្តង់មូលនិធីសភាពាណិជ្ជកម្មកម្ពុជា នៅ អគារលេខ7D មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃ ឬបង្វែរតាមគណនីធនាគារ WING របស់ មូលនិធីសភាពាណិជ្ជកម្មកម្ពុជា លេខ៖ 20251213 (ខ្មែរ) និង លេខ 20251212 (USD)៕