ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពជនភៀសសឹក និងសម្របសម្រួល ចំពោះការប្រគល់អំណោយ របស់សម្តេចតេជោ និងសម្តេចបវរធិបតី

22-12-2025 16:28

(ភ្នំពេញ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញពិនិត្យ ស្ថានភាពជនភៀសសឹក និងសម្របសម្រួលចំពោះការប្រគល់អំណោយ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព។

អំឡុងចុះពិនិត្យស្ថានភាពជនភៀសសឹកនៅមណ្ឌលសុវត្ថិភាព ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងថា ក្នុងគ្រាដ៏លំបាកដោយសារការឈ្លានពានពីកងទ័ពនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានណែនាំដល់ក្រសួង-ស្ថាប័ន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវមានការយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាជនភៀសសឹកដែលបន្តជម្លៀសមកពីព្រំដែន។

ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ចាប់តាំងពីមានការវាយប្រហារតាមបណ្តោយព្រំដែនជាថ្មី សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី បានផ្តល់អំណោយ ស្បៀងជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់តាមបណ្តាមណ្ឌលសុវត្ថិភាព បូករួមសកម្មភាពរួមចំណែកសប្បុរសជន និងអង្គការដៃគូ។

ក្នុងថ្ងៃដដែល ទេសរដ្ឋមន្រ្តី បានចុះសួរសុខទុក្ខជនភៀសសឹកនៅមណ្ឌលសុវត្ថិភាពតាមបណ្តាខេត្តផ្សេងទៀត នៅជិតនឹងជម្រកចល័តដែលក្រុមការងារកំពុងមមាញឹក រៀបចំជូនជនភៀសសឹកផងដែរ។

ទេសរដ្ឋមន្រ្តី បានថ្លែងថា ការរៀបចំជម្រកចល័តនេះ នឹងអាចទទួលជនភៀសសឹកច្រើនគ្រួសារ ដែលអាចការពារពីអាកាសធាតុក្នុងពេលបច្ចុប្បន្ន ហើយអាចផ្តល់លទ្ធភាពដល់គ្រួសារភៀសសឹក ដែលមានសមាជិកគ្រួសារផងដែរ។

ទេសរដ្ឋមន្រ្តី បានបន្ថែមថា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល តែងតែដល់ផ្តល់អនុសាសន៍ និងរម្លឹកជាប់ជាប្រចាំពីសុខទុក្ខជនភៀសសឹក និងមណ្ឌលសុវត្ថិភាព ដែលជាជម្រកសំខាន់ដោះស្រាយក្នុងគ្រាដែលប្រជាពលរដ្ឋស្លូតត្រង់ តាមបណ្តោយព្រំដែនត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ខ្លួន៕