រដ្ឋបាលរាជធានី បន្តទទួលអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់នានា ដើម្បីបន្តបែងចែកដល់ជនភៀសសឹក និងកងទ័ពជួរមុខ

22-12-2025 17:38

(ភ្នំពេញ)៖ ការរៀបចំទទួលអំណោយ ជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ព្រមទាំងថ្នាំពេទ្យ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ មានសប្បុរសជនស្ថាប័ន អង្គភាពរដ្ឋ និងក្រុមហ៊ុនឯកជន ចំនួន២៣៥ និងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀតផង បានបរិច្ចាគ ដើម្បីយកទៅចែកជូនដល់វីរៈកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំ តស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា យ៉ាងអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ និងចែកជូនបងប្អូនប្រជាពលរដ្ឋដែលត្រូវបានភៀសខ្លួនមកកាន់មណ្ឌលសុវត្ថិភាពនានា។

ពិធីប្រគល់ និងទទួលអំណោយមនុស្សធម៌នានា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ ធ្វើឡើងក្រោមវត្តមានអភិបាលរងរាជធានីជាច្រើនរូប តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងបរិវេណសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលថ្ងៃនេះ រួមមាន៖ រដ្ឋបាលខណ្ឌឬស្សីកែវ, រដ្ឋបាលខណ្ឌទួលគោក, ក្រុមហ៊ុនស្នេថេក និងសប្បុរជន ក្នុងស្រុក និងនៅក្រៅស្រុកផងដែរ និងក្រុមហ៊ុនឯកជន ព្រមទាំងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាច្រើនទៀតផង បាននាំថវិកា ស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់នានា ជូនមករដ្ឋបាលរាជធានីភ្នំពេញ។

ក្នុងនាមអភិបាលរាជធានីភ្នំពេញ លោក ហ៊ុន សុរិទ្ធី បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋបាលខណ្ឌ និងសប្បុរសជនទាំងអស់ ដែលបាននាំយកអំណោយទាំងនេះ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់វីរកងទ័ពជួរមុខ ដែលបាននិងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពអង់អាចក្លាហាន មោះមុត ប្រឆាំងនឹងសត្រូវឈ្លានពាន ក្នុងស្មារតីស្នេហាជាតិមាតុភូមិ ព្រមទាំងបងប្អូន ប្រជាពលរដ្ឋជាជនភៀសសឹក។

សម្រាប់អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ៕