សមាគមសហគ្រិនស្រ្តីកម្ពុជា មានសុទិដ្ឋិនិយមចំពោះសន្ទុះនៃការផលិតរបស់ស្រ្តី និងបន្តអំពាវនាវឱ្យប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើន (Video inside)
22-12-2025 18:02
(ភ្នំពេញ)៖ លោកស្រី យូ បូរី អនុប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា បានបង្ហាញសុទិដ្ឋនិយមចំពោះសន្ទុះនៃការផលិតរបស់ក្រុមសហគ្រិនស្រ្តីនៅកម្ពុជា ដោយបានបង្កើនទាំងបរិមាណផលិតផល បន្តកែច្នៃផលិតផលថ្មីៗឱ្យកាន់តែមានភាពចម្រុះ និងបច្ចេកវិទ្យាក្នុងការផលិតឱ្យកាន់តែប្រសើរជាងមុន។
លោកស្រីបានឱ្យដឹងថា សន្ទុះនៃការផលិតកើនឡើងនេះ ដោយសារការកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស និងទទួលបានការលើកទឹកចិត្តពីការអ្នកប្រើប្រាស់ ដែលនាំឱ្យអ្នកផលិតផលក្នុងស្រុកមានឱកាសក្នុ ងការបង្កើនការផលិត បន្តការកែច្នៃអភិវឌ្ឍន៍ផលិតផលថ្មី និងពង្រឹងគុណភាពផលិត ឱ្យកាន់តែប្រសើរឡើង។ ដូច្នេះហើយ លោកស្រីអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យច្រើនជាអតិបរមា ជាពិសេសក្នុងបរិបថនាពេលបច្ចុប្បន្ននេះ ដែលត្រូវតែផ្តោតមកប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានខ្លាំងក្លា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចជាតិរឹងមាំ និងលើកទឹកចិត្តដល់ផលិតករប្រឹងប្រែងផលិតឱ្យបានល្អ និងលើកទឹកចិត្តដល់កសិករ ខិតខំក្នុងការដាំដុះ សម្រាប់ផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រ សហគ្រាស ក្នុងការផលិត។
លើសពីនេះ លោកស្រីក៏ជំរុញឱ្យអ្នកផលិត កែច្នៃទាំងអស់ប្រើប្រាស់វត្ថុធាតុដើម ក្នុងស្រុកឱ្យអស់លទ្ធភាព ដើម្បីការបន្ថយការនាំចេញវត្ថុធាតុដើម ទៅក្រៅប្រទេសដែលមានតម្លៃទាប និងធ្វើឱ្យតម្លៃកសិផល គ្មានស្ថេរភាព។ ព្រមជាមួយគ្នា សូមឱ្យផលិតករ បន្តផលិតឱ្យបានច្រើន និងផ្តោតទៅលើគុណភាពជាសំខាន់ ដើម្បីអាចប្រកួតប្រជែងជាមួយផលិតនាំចូល។
បើតាមលោកស្រី យូ បូរី បច្ចុប្បនេះសមាជិករបស់សហគ្រិនស្រ្តីមានចំនួនជាង ៦០០នាក់នៅរាជធានីភ្នំពេញ និងមានសាខាសមាគមនៅ ៥ខេត្តទៀត រួមមាន សៀមរាប បាត់ដំបង កោះកុង កំពង់ធំ និងរតនគិរី ដោយមានផលិតនូវផលិតផលជាច្រើន រួមមាន ម្ហូបអាហារ របស់របរប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសាប៊ូលាងចាន សាប៊ូបោកខោអាវ និងគ្រឿងទេសជាដើម៕














