មូលនិធិសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC) ចំនួន ១៣០លានរៀល ត្រូវបានឧបត្ថម្ភជួយដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា -ថៃតាមរយៈព្រឹទ្ធសភាកម្ពុជា

22-12-2025 19:23

(ភ្នំពេញ)៖ តាមការអំពាវនាវរបស់ លោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្រុមការងារសមាគមនិស្សិតបានរៀបចំមូលនិធិសមាគម និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន (ACSC ) ជួយដល់វីរយុទ្ធជនសមរភូមិមុខនិងជនភៀសសឹក នៅតាមបណ្តោយព្រំដែនកម្ពុជាថៃ តាមរយៈព្រឹទ្ធសភាកម្ពុជា។

អំណោយនេះត្រូវបានប្រគល់ជូនចំនួន ៣លើករួមមាន៖ លើកទី១៖ ទទួលបានថវិកាសរុបចំនួន ១៦,៨០០,០០០ រៀលបានប្រគល់ជូនព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥, លើកទី២៖ ទទួលបានថវិកាសរុបចំនួន ៥៣,៩៧០,០០០ រៀលបានប្រគល់ជូនព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ និង លើកទី៣៖ ទទួលបានថវិកាសរុបចំនួន ៦០,០០០,០០០ រៀលបានប្រគល់ជូនព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ដោយសរុបទាំង៣លើក គឺទទួលបានចំនួន ១៣០,៧៧០,០០០ រៀល ដែលបានប្រគល់ជូន លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា តាមរយៈការសម្របសម្រួលរបស់ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយសភាប្រឹក្សានយោបាយប្រជាជនចិន។

តាមការបញ្ជាក់របស់លោកប្រធានក្រុមប្រឹក្សាភិបាលសមាគម មូលនិធិនេះ គឺកើតចេញពីមនសិការស្នេហាជាតិរបស់ថ្នាក់ដឹកនាំសមាជិក សមាជិកា សមាគមនិស្សិត និង សប្បុរសជននានា ដែលបានបរិច្ចាគថវិកាចូលរួម តាមរយៈមូលនិធិសមាគម ACSC ទាំង ៣ លើកនេះ ដែលជាជំនួយមនុស្សធម៌ ដោយការស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយស្ថាប័នព្រឹទ្ធសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់វីរយុទ្ធជនសមរភូមិមុខ និងជនភៀសសឹកខ្មែររាប់ម៉ឺននាក់ ដែលកំពុងរងគ្រោះពីការឈ្លានពានរបស់កងទ័ពថៃ។

ទន្ទឹមគ្នានេះដែរ សមាគមនិស្សិត បន្តការជឿជាក់ និងទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកងកម្លាំង ប្រដាប់អាវុធកម្ពុជា ព្រមទាំងមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានបក្ស ក្នុងកិច្ចការការពារដែនអធិបតេយ្យភាព និង បូរណភាពទឹកដីដូនតាខ្មែរ ជាពិសេស ការសង្គ្រោះប្រជាពលរដ្ឋ ពីការឈ្លានពានពីកងទ័ពថៃ៕