Fresh Exclusive: ហេតុអ្វីអាស៊ានមិនអាចទប់ស្កាត់អំពើឈ្លានពានដ៏ព្រៃផ្សៃរបស់ថៃបាន?
22-12-2025 19:23
(ភ្នំពេញ)៖ នៅពេលមានវិបត្តិផ្នែកសន្តិសុខក្នុងតំបន់ សេចក្តីសង្ឃឹមរបស់មនុស្សជាច្រើន តែងផ្តោតទៅលើអាស៊ាន ក្នុងនាមជាវេទិកាការទូតសំខាន់បំផុតរបស់អាស៊ីអាគ្នេយ៍។ តើអង្គការនេះអាចចូលមកអន្តរាគមន៍ ឬប្រើសម្ពាធ ដើម្បីបញ្ឈប់ការធ្វើសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា បានដែរឬទេ?
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅពេលដែលភាពអសន្តិសុខក្នុងតំបន់កើតឡើង សេចក្តីសង្ឃឹមរបស់មនុស្សជាច្រើន តែងផ្តោតទៅលើ អាស៊ាន ដែលត្រូវបានចាត់ទុកថា ជាវេទិកានិងជាអាណាព្យាបាលសន្តិភាពមួយនៅអាស៊ីអាគ្នេយ៍ អាចចូលមកអន្តរាគមន៍ ឬប្រើសម្ពាធដើម្បីបញ្ឈប់អំពើហិង្សា។
សម្រាប់កម្ពុជា សំណួរមិនមែនមានតែថា «អាស៊ានអាចធ្វើអ្វីបាន?» តែប៉ុណ្ណោះទេ ប៉ុន្តែមានសំណួរឈឺចាប់ជាងនេះទៅទៀត ហេតុអ្វីបានជាប្រទេសមួយដែលធ្លាប់ខ្ទេចខ្ទាំដោយសង្គ្រាម និងអំពើហិង្សាជិត៣ទសវត្សរ៍ ទម្រាំបានរស់ក្រោមម្លប់សន្តិភាពពេញលេញនៅចុងឆ្នាំ១៩៩៨ កំពុងត្រូវឮសំឡេងគ្រាប់បែកសាជាថ្មី នៅសតវត្សរ៍ដែលពិភពលោកគួរតែដោះស្រាយវិវាទដោយច្បាប់មិនមែនដោយកម្លាំងនោះទេ?
នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ខណៈកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កំពុងប្រព្រឹត្តទៅនៅរដ្ឋធានីគួឡាឡាំពួរ សូម្បីតែសម្លេងអំពាវនាវរបស់អាស៊ាន ក៏មិនអាចឮខ្ទរខ្ទា ជាងសម្លេងសន្ធឹកនៃយន្តហោះចម្បាំង F-16 ដែលបានទម្លាក់គ្រាប់បែកមកលើទឹកដីកម្ពុជាបានដែរ។ នៅតាមទិសយោធភូមិភាគទី៥ លើទឹកដីកម្ពុជា ស្នូរគ្រាប់កាំភ្លើងធំ សំឡេងរថក្រោះបាញ់សម្រុក និងសកម្មភាពវាយប្រហារពីយន្តហោះចម្បាំងរបស់ថៃ បានបើកការវាយលុកយ៉ាងគំហុកតាំងពីព្រលឹមស្រាងៗ។
ព្រឹត្តិការណ៍ទាំងនេះ បង្ហាញយ៉ាងច្បាស់ថា សម្ពាធរបស់អាស៊ានមានដែនកំណត់ទាំងក្នុងរចនាសម្ព័ន្ធ និងក្នុងជាក់ស្តែងនយោបាយ។ អាស៊ាន គឺជាវេទិកាការទូតសម្រាប់ការអំពាវនាវ និងការសម្របសម្រួល ប៉ុន្តែមិនមែនជាវេទិកាដែលមានអំណាចបង្ខំឱ្យភាគីណាមួយបញ្ឈប់អំពើឈ្លានពានបានឡើយ។ នៅទីនេះ កម្ពុជាមិនត្រឹមតែសួរអំពីប្រសិទ្ធភាពអាស៊ានទេ ប៉ុន្តែសួរអំពីការការពារសន្តិភាពរបស់ប្រជាជនតូចមួយ ដែលបានបង់តម្លៃសង្គ្រាមរួចហើយ និងមិនចង់ឱ្យប្រវត្តិសាស្ត្រឈឺចាប់នោះវិលត្រឡប់មកវិញឡើយ។
* រចនាសម្ព័ន្ធអាស៊ាន៖ អំណាចការទូត មិនមែនអំណាចបង្ខំ
គោលការណ៍គ្រឹះរបស់អាស៊ាន ផ្អែកលើការមិនជ្រៀតជ្រែក ការសម្រេចដោយឯកភាពនិងការដោះស្រាយវិវាទដោយសន្តិវិធី។ គោលការណ៍ទាំងនេះ មានតម្លៃយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពទូទៅក្នុងតំបន់ ប៉ុន្តែវាមានដែនកំណត់យ៉ាងច្បាស់ នៅពេលប្រទេសសមាជិកមួយបោះបង់ការទូត និងបែរជាជ្រើសរើសប្រើកម្លាំងយោធា ដើម្បីឈ្លានពានដែនអធិបតេយ្យភាពរបស់ប្រទេសជិតខាង។
ក្នុងបរិបទជាក់ស្តែងនៃជម្លោះកម្ពុជា-ថៃ ខណៈអាស៊ានកំពុងព្យាយាមស្វែងរកដំណោះស្រាយបញ្ចប់អំពើហិង្សា អង្គការតំបន់នេះគ្មានឧបករណ៍អនុវត្តច្បាប់ ដើម្បីបង្ខំឱ្យភាគីណាមួយបញ្ឈប់ការវាយប្រហារបានឡើយ។ អាស៊ានមិនមានយន្តការដាក់ទណ្ឌកម្ម មិនមានអំណាចចេញសេចក្តីសម្រេចបង្ខំ និងក៏មិនមានកម្លាំងអន្តរាគមន៍របស់ខ្លួន ដើម្បីបញ្ឈប់ការវាយប្រហារដោយកម្លាំងយោធាបានដែរ។ អ្វីដែលអាស៊ានអាចធ្វើបានគឺការអំពាវនាវ ការព្រមាន និងការបង្ហាញការព្រួយបារម្ភតាមភាសាការទូតប៉ុណ្ណោះ។
ហេតុនេះប្រជាជនកម្ពុជាដែលរងគ្រោះ មានសំណួរមួយថាតើអាស៊ានអាចធ្វើអ្វីលើសពីការអំពាវនាវ ដើម្បីការពារសន្តិភាពរបស់កម្ពុជា ដែលចង់រស់ជាមួយការអភិវឌ្ឍមិនមែនជាមួយសង្គ្រាម ខណៈកំពុងរងការឈ្លានពានពីប្រទេសថៃ ដែលធំជាងកម្ពុជា ដែលមានសេដ្ឋកិច្ចខ្លាំងជាង ដែលមានប្រជាជនច្រើនជាង និងដែលថែមទាំងចេះប្រើកលល្បិចបោកប្រាស់ពិភពលោក ក្នុងការចង់បម្លែងខ្លួនឯងពីអ្នកឈ្លានពាន ដើម្បីក្លាយជាអ្នករងគ្រោះនៅលើឆាកអន្តរជាតិនោះ?
ក្នុងស្ថានភាពបែបនេះប្រទេសដែលរងគ្រោះបំផុតមិនមែនជាប្រទេសថៃឡើយ ប៉ុន្តែគឺជាប្រទេសកម្ពុជា ដែលជ្រើសរើសការអត់ធ្មត់ ជំនួសការឆ្លើយតបដោយអាវុធ ហើយកំពុងសង្ឃឹមថា ពិភពលោកនឹងឈរនៅខាងច្បាប់ជាមួយកម្ពុជា មិនមែនឈរនៅខាងអំពើហិង្សា ដោយការអាងកម្លាំងបាយឡើយ។
* តើវាជាការអស់សង្ឃឹមសម្រាប់កម្ពុជាដែរឬទេ ប្រសិនបើគ្មានសម្ពាធអាស៊ាន?
ការវាយឈ្លានពានរបស់ថៃលើទឹកដីកម្ពុជា ដែលកើតឡើងស្របពេលមានកិច្ចប្រជុំអាស៊ាន មិនមែនជាសញ្ញាថាកម្ពុជាអស់ផ្លូវទេ ប៉ុន្តែជាសញ្ញាបង្ហាញថា ការទូតអាស៊ានមិនមែនជា «ខ្សែបន្ទាត់ក្រហម» សម្រាប់ថៃ។ ថៃមិនខ្លាចការអំពាវនាវរបស់អាស៊ាន ព្រោះអាស៊ាន គ្មានអំណាចបង្ខំនិងមិនមានយន្តការក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឬយោធា ទៅលើប្រទេសជាសមាជិកដែលរំលោភបំពានបានឡើយ។
ទោះជាយ៉ាងនេះក្តី វាមិនមែនជាការអស់សង្ឃឹមសម្រាប់កម្ពុជាទេ។ ផ្ទុយទៅវិញវាជាមេរៀនមួយបង្ហាញថា កម្ពុជា មិនចងវាសនារបស់ខ្លួនត្រឹមតែអាស៊ានតែមួយប៉ុណ្ណោះទេ។ អាស៊ាននៅតែមានតួនាទីសំខាន់ក្នុងការកត់ត្រាការពិត បង្កើតឯកសារការទូត និងបង្ហាញចំពោះពិភពលោកថា ភាគីណាស្វែងរកសន្តិភាព និងភាគីណាបដិសេធសន្តិភាព។ ប៉ុន្តែអាស៊ានមិនមែនជាវេទិកាដែលអាចបញ្ឈប់កាំភ្លើងបានដោយខ្លួនឯងឡើយ។
សម្រាប់កម្ពុជា ផ្លូវធ្វើដំណើរទៅមុខគឺការប្រើប្រាស់យុទ្ធសាស្ត្រចម្រុះ ដែលស្របច្បាប់និងមានទម្ងន់អន្តរជាតិ៖
- ពង្រឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការពហុភាគីក្រៅអាស៊ាន
- បន្តបង្ហាញភស្តុតាងអំពើឈ្លានពាន និងផលប៉ះពាល់លើជីវិតរបស់ពលរដ្ឋទៅកាន់សហគមន៍អន្តរជាតិ
- រក្សាសិទ្ធិស្វ័យការពារស្របច្បាប់
- និងធ្វើឱ្យ «តម្លៃនយោបាយ» នៃការឈ្លានពានក្លាយជាបន្ទុកធ្ងន់ធ្ងរសម្រាប់អ្នកបំពាន។
ជារួមការទូតអាស៊ានមានដែនកំណត់ ប៉ុន្តែកម្ពុជា មិនមានដែនកំណត់ក្នុងការស្វែងរកយុត្តិធម៌ របស់ខ្លួនឡើយ។ អាស៊ានអាចមិនមែនជាចម្លើយចុងក្រោយ ប៉ុន្តែវាក៏មិនមែនជាចុងផ្លូវនៃការទូតរបស់កម្ពុជាដែរ។
* សន្តិភាព មិនមែនជាការទន់ខ្សោយ៖ អំពាវនាវពីប្រទេសដែលធ្លាប់រងសង្គ្រាម
បើពិភពលោកចង់យល់ពីមូលហេតុដែលកម្ពុជា «អង្វរ» សន្តិភាពមុនអ្វីទាំងអស់ ពិភពលោកត្រូវយល់ថា កម្ពុជាមិននិយាយអំពីសន្តិភាពដោយពាក្យទទេឡើយ។ ប្រជាជនខ្មែរ បានឆ្លងកាត់វិនាសកម្មសង្គ្រាមរួចមកហើយ នោះគឺរយៈពេលជិត៣០ឆ្នាំនៃសង្គ្រាមស៊ីវិល និងទុក្ខវេទនាដ៏ជ្រាលជ្រៅ មិនអាចពណ៌នាបាន។ សន្តិភាពដែលកម្ពុជាទទួលបាននៅចុងឆ្នាំ១៩៩៨ មិនមែនជាអំណោយទេ ប៉ុន្តែជាលទ្ធផលនៃឈាម ទឹកភ្នែក និងការលះបង់យូរអង្វែងរបស់ជាតិមួយទាំងមូល។
ហេតុនេះហើយ កម្ពុជាសុំឱ្យពិភពលោកបើកភ្នែកសម្លឹងមើលប្រទេសកម្ពុជា និងប្រជាជន ដែលដង្ហោយចង់បានសន្តិភាពដ៏ពិតប្រាកដ។ កម្ពុជាមិនចង់ឱ្យសង្គ្រាមវិលត្រឡប់មកកាន់ជីវិតប្រជាពលរដ្ឋទៀតឡើយ មិនចង់ឱ្យកុមារខ្មែរ ឮសម្លេងគ្រាប់បែកជំនួស សម្លេងបង្រៀនក្នុងសាលារៀន មិនចង់ឱ្យគ្រួសារខ្មែរ រត់ចោលផ្ទះសម្បែងជំនួសការរស់នៅធម្មតា និងមិនចង់ឱ្យការកសាងជាតិ ដែលទើបតែចាប់ផ្តើមបានខ្លះៗ ត្រូវបាក់បែកក្រោមសង្គ្រាមសាជាថ្មីឡើយ។
ដូច្នេះ កម្ពុជាត្រូវការសន្តិភាព និងត្រូវការឱ្យពិភពលោក រួមទាំងអាស៊ាន ជួយការពារសន្តិភាព ដោយមិនត្រូវមើលរំលងនូវអំពើឈ្លានពានឡើយ។ ការជួយកម្ពុជា មិនមែនជាការជ្រើសភាគីនយោបាយទេ ប៉ុន្តែជាការជ្រើសគោលការណ៍ ដែលកម្លាំងមិនអាចបង្កើតភាពស្របច្បាប់ គោលការណ៍ដែលថា ប្រទេសតូចមិនគួរត្រូវបានបំពានដោយប្រទេសធំ និងគោលការណ៍ដែលថា សន្តិភាពត្រូវតែត្រូវបានការពារមុនពេលវាត្រូវបានបំផ្លាញ។
សេចក្តីសន្និដ្ឋាន
ជម្លោះកម្ពុជា-ថៃ ក្នុងបរិបទបច្ចុប្បន្ន មិនមែនជាភស្តុតាងនៃភាពបរាជ័យរបស់កម្ពុជាទេ ប៉ុន្តែជាការបង្ហាញយ៉ាងច្បាស់ពីដែនកំណត់ជាក់ស្តែងនៃការទូតអាស៊ាន ក្នុងការទប់ស្កាត់ប្រទេសមួយដែលជ្រើសរើសប្រើកម្លាំងជំនួសច្បាប់អន្តរជាតិ។ នៅពេលអាស៊ានត្រូវបានកំណត់តួនាទីជាវេទិកាអំពាវនាវ និងមិនមែនជាអំណាចបង្ខំ កម្ពុជាក៏ត្រូវយល់ដឹងយ៉ាងច្បាស់ថា សន្តិភាពមិនអាចរកបានដោយការរង់ចាំតែសម្លេងការទូតពីអាស៊ានតែមួយប៉ុណ្ណោះឡើយ។
ការស្វែងរកយុត្តិធម៌របស់កម្ពុជា ត្រូវអាស្រ័យលើការរួមបញ្ចូលគ្នានៃ ច្បាប់អន្តរជាតិ ភស្តុតាងការពិត ការទូតពហុភាគី និងសិទ្ធិស្វ័យការពារស្របច្បាប់។ ប្រវត្តិសាស្ត្របានបង្ហាញរួចមកហើយថា មិនមែនសុទ្ធតែប្រទេសដែលមានកម្លាំងធំជាង តែងតែអាចយកឈ្នះលើប្រទេសតូចបានឡើយ។ សម្រាប់កម្ពុជា ដែលជាប្រទេសមានភាពប្តេជ្ញាសាមគ្គីជាធ្លុងមួយ និងមានស្មារតីពលិកម្មដើម្បីជាតិ ការឈរលើភាពត្រឹមត្រូវការអត់ធ្មត់ និងយុទ្ធសាស្ត្រដ៏ច្បាស់លាស់ គឺជាថាមពលសំខាន់ដែលអាចធ្វើឱ្យកម្ពុជា បន្តឈ្នះការគាំទ្រពីសហគមន៍អន្តរជាតិ និងដើរទៅរកយុត្តិធម៌បានជាអចិន្រ្តៃយ៍។
អាស៊ានទោះមិនអាចបញ្ឈប់កាំភ្លើងបានភ្លាមៗ ក៏មិនអាចលុបបំបាត់សិទ្ធិ និងយុត្តិធម៌របស់កម្ពុជា បានឡើយ។ ហើយដរាបណាកម្ពុជា ឈរលើច្បាប់និងការពិតការឈ្លានពានរបស់ថៃដែលជាប្រទេសធំជាងកម្ពុជាក៏ដោយក៏មិនអាចបង្កើតភាពស្របច្បាប់ ឬ លុបបំបាត់យុត្តិធម៌បានឡើយ៕




















