លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ចុះឧបត្ថម្ភដល់វីរកងទ័ពនៅសមរភូមិមុខ
22-12-2025 20:30
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារ និងគ្រឿងឧបភោគបរិភោគ ដែលទទួលបានពីសប្បុរសជន ចុះប្រគល់ជូនដល់វីរកងទ័ពជួរមុខ ដើម្បីផ្គត់ផ្តង់ដល់វីរកងទ័ពជួរមុខ ដែលកំពុងទប់ទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ពថៃ។
នាឱកាសនោះ លោក ហាក់ ម៉ុងហួត បានបញ្ជាក់ប្រាប់ដល់វីរកងទ័ពជួរមុខនេះដែរ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងប្រទេសដែលជាកងទ័ពជួរក្រោយ គឺនៅតែបន្តចូលរួមគាំទ្រជានិច្ចជាមួយវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនយ៉ាងអង់អាចក្លាហានមុះមុត ប្រឆាំងនឹងសត្រូវឈ្លានពានប្រកបដោយស្មារតី ស្នេហាជាតិមាតុភូមិ, ស្មារតីស្នេហាជាតិរបស់វីរកងទ័ពនាពេលនេះ នឹងកត់ត្រាទុកនៅក្នុងក្រអៅបេះដូងរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមិនអាចបំភ្លេចបានឡើយ យើងទាំងអស់គ្នានឹងនៅតែចង់ចាំនូវគំរូវីរៈភាពដ៏អស្ចារ្យនេះគ្មានថ្ងៃណាអាចបំភ្លេចនោះឡើយ។
លោក ហាក់ ម៉ុងហួត និងក្រុមការងារទាំងអស់ ក៏បានគោរពថ្លែងអរគុណជូនចំពោះវីរកងទ័ពទាំងអស់ដែលបានពុះពារ ជម្នះឧបសគ្គ ដើម្បីទប់ទល់ជាមួយនឹងការឈ្លានពានរបស់កងទ័ពថៃ និងបានបួងសួងដល់ទេវតា ជួយបីបាច់ថែរក្សាដល់បងប្អូនកងទ័ពនៅសមរភូមិមុខទាំងអស់ ជួយឱ្យឈ្នះអស់មារសត្រូវទាំងឡាយឱ្យបានឆាប់រហ័ស ដើម្បីការពារបូរណភាព និងទឹកដីរបស់កម្ពុជា ឱ្យបានរុងរឿងតទៅមុខទៀតផងដែរ។
សូមជម្រាបថា សង្គ្រាមរវាងកម្ពុជា និងថៃ បានកើតឡើងជាលើកទី២ បន្ទាប់ពីទាហ៊ានថៃ បានបំពានលើសេចក្តីថ្លែងការណ៍រួមស្តីពី «កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» ដោយបានបង្កអរិភាពមកលើប្រជាជនកម្ពុជា និងបានបាញ់មុនមកលើទាហ៊ាន និងជនស៊ីវិលរបស់កម្ពុជា ជាបន្តបន្ទាប់កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ដោយកម្ពុជាបានធ្វើអត់ធ្មត់មិនតបត អស់ពេល ២៤ម៉ោង ហើយសៀមនៅតែបន្តបាញ់ប្រហារយ៉ាងគគ្លើនមកលើជនស៊ីវិល និងទាហ៊ានរបស់កម្ពុជា រហូតដើរដល់បន្ទាត់ក្រហម ដែលធ្វើឱ្យកម្ពុជាអស់ការអត់ធ្មត់ និងបានដាក់ចេញវិធានការការពារខ្លួន ដោយបានបើកការបាញ់ប្រហារតបត គ្រប់គោលដៅទាំងអស់វិញ នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ហើយសង្គ្រាមនេះនៅតែបន្តអូសបន្លាយមកដល់ពេលនេះមានរយៈពេល ១៦ថ្ងៃមកហើយ ខណៈពេលនេះនៅក្នុងសរភូមិសង្គ្រាម កម្ពុជា និងថៃ នៅតែបន្តក្តៅនៅឡើយ។
សូមបញ្ជាក់ផងដែរថា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលបាននាំយកចែកជូនដល់កងទ័ពរួមមាន៖ អង្ករ អំបុក មី ត្រីខ ប្រេងឆា បន្លែ ទឹកសុទ្ធ ចេកឆាប នំប្រៃ ពងទា ត្រីងៀត សាច់គោងៀត ដំស៊ុបខ្នរ កាពិផាវ ប្រហុក រួមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀតផងដែរ៕






