ក្តីសង្ឃឹមជាតិ! សិស្សានុសិស្សនៃសាលាបឋមសិក្សាគំរូក្រុងកំពង់ឆ្នាំង ទស្សនកិច្ចសិក្សា និងឈ្វេងយល់នៅសារមន្ទីរខេត្ត

23-12-2025 10:39

(ភ្នំពេញ)៖ ដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាបទពិសោធន៍ដ៏ល្អមួយសម្រាប់សិស្សនៅថ្នាក់ទី៣ និងទី៤ នៃសាលាបឋមសិក្សាគំរូក្រុងខេត្តកំពង់ឆ្នាំង ចំនួន៥០នាក់ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥។ សិស្សានុសិស្សទាំងអស់ពោរពេញដោយស្នាមញញឹម នៅពេលបានទស្សនានូវវត្ថុបុរាណដ៏សម្បូរបែប ដែលវត្ថុបុរាណទាំងនោះមានប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយ។ ទាំងនេះគឺជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរយើង បានបន្សល់ទុកមករហូតដល់បច្ចុប្បន្ន។

តាមរយៈការធ្វើទស្សនកិច្ចនេះ ក៏បានលើកទឹកចិត្តដល់កុមារកម្ពុជាឱ្យចូលមកទស្សនា ដើម្បីសិក្សា និងឈ្វេងយល់ពីវត្ថុបុរាណទាំងនេះ ក៏ដូចជាការលើកកម្ពស់ក្នុងការចូលរួមអភិរក្សនូវសម្បត្តិវប្បធម៌របស់ជាតិផងដែរ។ សូមបញ្ជាក់ថា តាមការគ្រោងទុកថ្នាក់ដឹកនាំសាលា នឹងបញ្ជូនសិស្សានុសិស្ស ចំនួន១៥០នាក់ មកសិក្សាឈ្វេងយល់ចំនួនបីថ្ងៃ គឺថ្ងៃទី២៣-២៤-២៥ ខែឆ្នូ ចុងឆ្នាំ២០២៥នេះ។

សារមន្ទីរខេត្តកំពង់ឆ្នាំង គឺជាកន្លែងទេសចរណ៍ដែលចាំបាច់មួយក្នុងការទស្សនាសម្រាប់អ្នកដែលចាប់​អារម្មណ៍លើ​​​វប្បធម៌ និងប្រវត្តិសាស្ត្រខ្មែរ​។ សារមន្ទីរនេះ ជាកន្លែងប្រមូលផ្តុំវត្ថុបុរាណ​​និងស្នាដៃសិល្បៈដ៏គួរ​ឱ្យចាប់អារម្ម​ណ៍​ពីសម័យកាលផ្សេងៗគ្នានៃអតីតកាលដ៏សម្បូរបែបរបស់ជាតិយើង៕