និយ័តករទូរគមនាគមន៍កម្ពុជា តម្រូវឱ្យប្រតិបត្តិករទូរស័ព្ទចល័ត​ ​បើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ​ដែលត្រូវបាន​ក្រុមហ៊ុនបញ្ឈប់ដំណើរការ ដោយមិនតម្រូវឱ្យ​ទៅចុះឈ្មោះសាជាថ្មីឡើយ

23-12-2025 10:59

(ភ្នំពេញ)៖ និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) បានតម្រូវឱ្យប្រតិបត្តិករទូរស័ព្ទចល័ត​ បើកដំណើរការសាជាថ្មីនូវលេខទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល ហើយត្រូវបានក្រុមហ៊ុនបញ្ឈប់ដំណើរការ ដោយមិនតម្រូវឱ្យអ្នកប្រើប្រាស់ទៅចុះឈ្មោះ សាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្តាញព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។

ទន្ទឹមគ្នានេះ និយ័តករទូរគមនាគមន៍កម្ពុជា ក៏តម្រូវឱ្យធ្វើការ​កំណត់រយៈពេលនៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោល ក្រោយពេលផុតសុពលភាពប្រើប្រាស់ផងដែរ។ ​

យោងតាមសេចក្តីជូនដំណឹង របស់និយ័តករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា​ ដើម្បីធានាការប្រើប្រាស់សេវាទូរស័ព្ទឱ្យមានប្រសិទ្ធិភាព និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ និយ័តករទូរគមនាគមន៍កម្ពុជា បានតម្រូវឱ្យប្រតិបត្តិករទូរស័ព្ទចល័ត អនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដូចខាងក្រោម÷

១- អ្នកប្រើប្រាស់សេវាទូរស័ព្ទចល័ត អាចបើកដំណើរការឡើងវិញនូវលេខទូរស័ព្ទចល័តរបស់ខ្លួនទាំងឡាយណា ដែលមានរយៈពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល មិនលើសពី ១៨០ (មួយរិយ ប៉ែតសិប) ថ្ងៃ ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងគណនីគោល និងមិនតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះ សាជាថ្មីនៅទីតាំងផ្ទាល់របស់ក្រុមហ៊ុន ឬសាខាក្រុមហ៊ុនឡើយ។

២- ប្រតិបត្តិករទូរស័ព្ទចល័តត្រូវរក្សាទុកទឹកប្រាក់ក្នុងគណនីគោលរបស់លេខទូរស័ព្ទចល័ត សម្រាប់ រយៈពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ ក្រោយពេលផុតសុពលភាពនៃទឹកប្រាក់ក្នុងគណនីគោល។ ក្នុងរយៈពេល ១៨០ (មួយរយប៉ែតសិប) ថ្ងៃ នេះ អ្នកប្រើប្រាស់នឹងទទួលបានទឹកប្រាក់ក្នុងគណនីគោល ដែលមាននៅសល់ ចុងក្រោយត្រឡប់មកវិញ ប្រសិនបើអ្នកប្រើប្រាស់ធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីគោលរួច។

៣- មុនផុតរយៈពេល ១៨០ (មួយរយប៉ែតសិប)ថ្ងៃ នៃការរក្សាទុកទឹកប្រាក់ក្នុងគណនីគោលរបស់លេខ ទូរស័ព្ទចល័ត ប្រតិបត្តិករទូរស័ព្ទចល័តត្រូវរំលឹកដល់អ្នកប្រើប្រាស់ តាមរយៈសារខ្លី (SMS) យ៉ាងតិច ២ (ពីរ) ដង និងកម្មវិធីទូរស័ព្ទរបស់ប្រតិបត្តិករទូរស័ព្ទចល័ត ក្នុងពេលសមស្រប ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹងជាមុន អំពីកាលបរិច្ឆេទនៃការបញ្ឈប់ដំណើរការទាំងស្រុង និងការទទួលបានទឹកប្រាក់ក្នុងគណនីគោល ដែលមាននៅសល់ ចុងក្រោយត្រឡប់មកវិញ ប្រសិនបើអ្នកប្រើប្រាស់ធ្វើការបញ្ចូលទឹកប្រាក់ក្នុងគណនីគោលរួច៕