សហជីព និងអ្នកវិភាគ ជំរុញឱ្យក្រុមសង្គមស៊ីវិលនៅកម្ពុជា ធ្វើសកម្មភាពទៅអន្តរជាតិ ដើម្បីឱ្យថៃបញ្ឈប់ការរំលោភសិទ្ធិមនុស្ស ដែលបានឈ្លានពានលើអធិបតេយ្យភាពកម្ពុជា
23-12-2025 11:10
(ភ្នំពេញ)៖ សហជីព និងអ្នកវិភាគ បានជំរុញឱ្យក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស គួរតែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជា ដោយបានបណ្តាលឱ្យប្រជាជនស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានភៀសសឹក។
ការជំរុញនេះ ដោយសារតែសហជីព និងអ្នកវិភាគទាំងនោះ កត់សម្គាល់ឃើញថា ក្រុមអង្គការសង្គមស៊ីវិលភាគច្រើន មិនទាន់ឃើញចេញមកថ្កោលទោសទង្វើដ៏ឃោរឃៅរបស់យោធាថៃ នៅឡើយទេ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានកត់សម្គាល់ថា ចាប់តាំងពីប្រទេសថៃបានឈ្លានពានជាថ្មីមកលើប្រទេសកម្ពុជាដ៏អាក្រក់ និងសាហាវឃោរឃៅមក, លោក មិនដែលឃើញក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ចេញសេចក្ដីថ្លែងការណ៍រិះគន់ ឬថ្កោលទោសយោធាថៃ នោះឡើយ។
លោកបានយល់ថា ក្នុងស្ថានភាពដែលយោធាថៃឈ្លានពានមកលើអធិបតេយ្យភាពរបស់កម្ពុជានោះ, ក្រុមអង្គការសង្គមស៊ីវិល គួរតែចូលរួមថ្កោលទោសដោយចំហចំពោះការប្រព្រឹត្តនូវអំពើដ៏ឃោរឃៅ ដែលរំលោភសិទ្ធិមនុស្ស រំលោភសិទ្ធិរស់នៅ និងបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈអស់ជាច្រើន។
លោក សំ សឿន បានលើកឡើងនៅថ្ងៃទី២៣ ខែធ្នូនេះថា៖ «អញ្ចឹងបើសិនជាអង្គការដែលធ្វើការផ្នែកសិទ្ធិមនុស្ស ផ្នែកគាំពារសិទ្ធិអីនោះ គាត់គួរគប្បីចេញយ៉ាងម៉ឺងម៉ាត់ ដាច់ខាត ថ្កោលទោសចំពោះយោធាថៃ និងរដ្ឋាភិបាលថៃ ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរ និងឃោរឃៅមកលើអធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់»។
ចំណែកលោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ និងជាអ្នកឃ្លាំមើលបញ្ហាសង្គម មើលឃើញថា មានអង្គការសង្គមស៊ីវិល ធ្វើការងារទាក់ទងនឹងបញ្ហាសិទ្ធិមនុស្សមួយចំនួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយោធាថៃរួចហើយ តែនៅមានក្រុមអង្គការសង្គមស៊ីវិលជាច្រើនទៀត មិនទាន់ឃើញចេញមកថ្កោលទោសនូវទង្វើដ៏ឃោរឃៅនេះនៅឡើយទេ។
លោកបណ្ឌិត បានបន្ដថា៖ «ដូច្នេះហើយ ខ្ញុំអំពាវនាវអង្គការជាតិ-អន្តរជាតិ ពាក់ព័ន្ធនឹងសិទ្ធិមនុស្សក៏ដោយ មិនមែនសិទ្ធិមនុស្សក៏ដោយ អង្គការសង្គមស៊ីវិល ចលនាមហាជន ត្រូវរួបរួមគ្នាចេញមកថ្កោលទោសប្រទេសថៃ ដែលប្រព្រឹត្តយ៉ាងសាហាវព្រៃផ្សៃ បំផ្លាញ សម្លាប់ជីវិតជនស៊ីវិលកម្ពុជា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា រំលោភដែនអធិបតេយ្យភាពកម្ពុជាយ៉ាងជ្រៅ»។
រីឯលោក ថុង ម៉េងដាវិត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខអន្តរជាតិ បានសង្កេតឃើញថា ក្រុមអង្គការសង្គមស៊ីវិលកម្ពុជា ដែលធ្វើការលើសិទ្ធិមនុស្សភាគច្រើន មានការបញ្ចេញមតិតិចតួចលើបញ្ហាជនភៀសខ្លួននៅកម្ពុជា និងនៅតែមានការប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ ចំពេលមានការលុកលុយពីសំណាក់យោធាថៃ ដែលបានបណ្តាលឱ្យមានការស្លាប់ជនស៊ីវិល របួស និងការផ្លាស់ទីលំនៅ។
លោកបានបន្ថែមថា «ស្របពេលដែលតួនាទីរបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ គឺផ្តោតសំខាន់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងស្រុក តែភាពអសកម្មរបស់ពួកគេក្នុងការរាយការណ៍ពីការវាយប្រហាររបស់យោធាថៃលើពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានចោទជាសំណួរអំពីការងាររបស់ពួកគេ»។
បើតាមលោក ថុង ម៉េងដាវិត ក្នុងកាលៈទេសៈបែបនេះ ក្រុមអង្គការសង្គមស៊ីវិល អាចចូលរួមចំណែកបន្ថែមទៀត ដោយថ្កោលទោសការវាយប្រហារលើជនស៊ីវិល ដោយផ្អែកលើច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law) ចងក្រងឯកសារផលប៉ះពាល់សិទ្ធិមនុស្ស ជួយសហគមន៍ដែលផ្លាស់ទីលំនៅដែលរងគ្រោះដោយសារការទម្លាក់គ្រាប់ និងការវាយប្រហារពីយោធាថៃ ព្រមទាំងប្រើប្រាស់បណ្តាញអន្តរជាតិ ដើម្បីបង្ហាញពីទុក្ខវេទនារបស់ជនស៊ីវិល ដោយមិនធ្វើឱ្យខូចដល់អព្យាក្រឹតភាពក្រុមអង្គការសង្គមស៊ីវិលទាំងនោះ៕







