និសិ្សតសាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានជោគជ័យ ក្នុងការប្រកួតវគ្គផ្តាច់ព្រាត់នៃកម្មវិធី Bandos DYNAMIC Startup Competition ប្រចាំឆ្នាំ២០២៥
23-12-2025 11:31
(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង (ស.ជ.ប.ដ.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលធំជាងគេ នៅភូមិភាគពាយ័ព្យនៃព្រះរាជាណាចក្រកម្ពុជា។ សាកលវិទ្យាល័យបានធ្វើការបណ្តុះបណ្តាល និស្សិតចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតប្រកបដោយគុណភាព មានលក្ខណៈស្តង់ដារ ដើម្បីឱ្យនិស្សិតមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ក្នុងទីផ្សារការងារកម្រិតជាតិ-អន្តរជាតិ និងជាពិសេសឱ្យនិស្សិតមានសមត្ថភាព ធ្វើការសិក្សាស្រាវជ្រាវដែលមានលក្ខណៈវិទ្យាសាស្រ្ត ដើម្បីបម្រើអោយវិស័យឧស្សាហកម្មនិងធានាដល់កំណើនសេដ្ឋកិច្ចជាតិ។
ក្រៅពីការសិក្សាក្នុងថ្នាក់រៀន និស្សិតក៏មានឱកាសទទួលបានចំណេះដឹងបន្ថែម និងបទពិសោធន៍ការងារជាក់ស្តែងពីវាគ្មិនជំនាញដែលអញ្ជើញមកពីស្ថាប័នដៃគូរនានា។ លើសពីនេះទៀត ស.ជ.ប.ដ.ក៏មានមន្ទីរពិសោធន៍មានលក្ខណៈស្តង់ដារ និងមានមន្រ្តីជំនាញប្រចាំការដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការសិក្សាស្រាវជ្រាវរបស់គ្រូបង្រៀន និងនិស្សិតផងដែរ។
នាពេលបច្ចុប្បន្ននេះ សាកលវិទ្យាល័យទទួលបានការអបអរសាទរ និងគាំទ្រពីសំណាក់សាធារណៈជន អាណាព្យាបាល មជ្ឈដ្ឋានអ្នកសិក្សា ដែគូរសហការជាតិ-អន្តរជាតិ ព្រមទាំង ដៃគូរអភិវឌ្ឍនានាផងដែរ។ ជាក់ស្តែង នាពេលថ្មីៗនេះស.ជ.ប.ដ.បានធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នដៃគូរ Wonders International និងមជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចនៃកម្ពុជា (ម.ជ.ធ.ក.) ក្នុងការបញ្ជូននិស្សិតចូលរួមប្រកួតវគ្គផ្តាច់ព្រាត់នៃកម្មវិធី Bandos DYNAMIC Startup Competition ប្រចាំឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ដល់ទី២០ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា (ម.ជ.ធ.ក)។ ការប្រកួតវគ្គផ្តាច់ព្រាត់នេះមានបេក្ខជន បេក្ខនារីសរុបចំនួន១៨ក្រុមដែលអញ្ជើញមកពីស្ថាប័នផ្សេងៗចូលរួមប្រកួត។
បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ និងការវិនិច្ឆ័យដាក់ពិន្ទុប្រកបដោយសុក្រឹតភាពរបស់គណកម្មការប្រកួតមក ក្រុមនិស្សិត ស.ជ.ប.ដ. ដែលមានឈ្មោះថា “ខ្មែរដាំ ខ្មែរច្នៃ” ត្រូវបានជ្រើសរើសជាក្រុមដែលមានគម្រូអាជីវកម្មល្អជាងគេប្រចាំឆ្នាំ២០២៥ជាមួយនឹងក្រុមជ័យលាភី ៤ក្រុមផ្សេងទៀត។
ក្រុមជ័យលាភីទាំង៥នឹងទទួលបានការគាំទ្រផ្នែកថវិកាចំនួន ៥០០០ដុល្លាជាដើមទុនពី Project DYNAMIC សម្រាប់ប្រើប្រាស់ក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន ក្នុងរយៈពេល៦ខែដំបូង។ លើសពីនេះទៀត ក្រុមនីមួយៗក៏នឹងទទួលបានការណែនាំពីបុគ្គលិកជំនាញផ្នែកអាជីវកម្មផងដែរ ដើម្បីធានាដល់និរន្តភាពនៃអាជីវកម្មរបស់ខ្លួន។
សូមបញ្ជាក់ផងដែរថា កម្មវិធី Bandos DYNAMIC Startup Competition គឺជាកម្មវិធីមួយស្ថិតក្រោមប្រតិបត្តិការនៃគម្រោង Project DYNAMIC ដែលទទួលបានការឧបត្ថម្ភគាំទ្រផ្នែកថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំព្រះរាជាណាចក្រកម្ពុជា។ ស្ថាប័នដែលសហការអនុវត្តគម្រោង Project DYNAMIC នេះរួមមាន Wonder International and ChorogUsan, មជ្ឍមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
គោលបំណងសំខាន់នៃកម្មវិធីនេះគឺដើម្បីលើកស្ទួយវិស័យធុរកិច្ចថ្មីនៅកម្ពុជា តាមរយៈការជ្រើសរើស និងផ្តល់ដើមទុនដល់សហគ្រិនវ័យក្មេងប្រកបដោយថាមពល មានគំនិតច្នៃប្រឌិតខ្ពស់ ហើយមានគម្រូអាជីវកម្មល្អជាងគេដែលនឹងជួយបង្កើតឱកាសការងារនៅតាមមូលដ្ឋាន ដោះស្រាយបញ្ហានានាក្នុងសង្គម និងការពារបរិស្ថានផងដែរ៕









