គណៈកម្មការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យលើការងារថែទាំជាលក្ខណៈខួបផ្លូវ១ខ្សែ និងផ្លូវថែទាំប្រចាំចំនួន៧ខ្សែ នៅស្រុកកំពង់សិលា, ស្ទឹងហាវ, ព្រៃនប់, សង្កាត់បឹងតាព្រហ្ម, និងសង្កាត់អូរជ្រៅ ខេត្តព្រះសីហនុ
23-12-2025 11:39
(ព្រះសីហនុ)៖ គណៈកម្មការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយមន្ត្រីជំនាញ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំផ្លូវខួបចំនួន១ខ្សែ ប្រវែង ៧ ៧០០ម៉ែត្រ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា និងផ្លូវថែទាំប្រចាំចំនួន៧ខ្សែ ក្នុងនោះមាន (DBST) ចំនួន២ខ្សែ ប្រវែង២៦ ០០០ម៉ែត្រ ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ និងផ្លូវក្រាលល្បាយក្រួសល្បាយថ្មភ្នំចំនួន៥ខ្សែ ប្រវែង ៤៩ ៣០០ម៉ែត្រ ទទឹង៤ម៉ែត្រ ៦ម៉ែត្រ និង៨ម៉ែត្រ ស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ឃុំតានៃ ឃុំសាមគ្គី ឃុំជើងគោ ស្រុកព្រៃនប់ និងសង្កាត់បឹងតាព្រហ្ម សង្កាត់អូរជ្រៅ ក្រុងកំពង់សោម។
ការងារចុះត្រួតពិនិត្យនេះធ្វើឡើងព្រឹកថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២៥ ដឹកនាំដោយលោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយការចូលរួមពីលោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ និងមន្ត្រីបច្ចេកទេស។
លោក ប្រាក់ សុវណ្ណ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីគណៈកម្មការបានត្រួតពិនិត្យ និងវាយតម្លៃដោយយកចិត្តដាក់លើកិច្ចការនេះរួចរាល់ ក្រុមការងារអន្តរក្រសួងដែលដឹកនាំដោយលោក ប៊ុន ច័ន្ទវណ្ណៈ ក៏បានប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួង ដោយបានឯកភាព និងទទួលយកនូវកិច្ចការងារទាំងអស់ដែលបានចុះត្រួតពិនិត្យ នាព្រឹកនោះ ១០០%។
ក្រៅពីនេះ លោករដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន ក៏បានសំណូមពរអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋត្រូវជួយថែរក្សា និងការប្រើប្រាស់ផ្លូវសូមកុំដឹកលើសទម្ងន់ ដើម្បីការប្រើប្រាស់បានយូរអង្វែងផងដែរ៕





















