រដូវកាលត្រីប្រហុក នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែធ្នូខាងមុខនេះ, រដ្ឋបាលជលផល ប៉ាត់ស្មានថាឆ្នាំនេះ កំណើនត្រីច្រើនជាងឆ្នាំមុន

23-12-2025 13:49

(ភ្នំពេញ)៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីជូនដំណឹងពីរដូវត្រីប្រហុកបាននិងកំពុងចាប់ផ្ដើមហើយនៅថ្ងៃទី២៥ខាងមុខនេះ។

បើតាមប្រភពដដែលបានឱ្យដឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៥-២០២៦ តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទីចេញពី បឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផលដល់ការធ្វើ នេសាទបានត្រីច្រើន ជាពិសេសគន្លងដោយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិងរាជធានីភ្នំពេញ ចាប់ពីថ្ងៃព្រហស្បតិ៍ ៦កើត ដល់ថ្ងៃពុធ ១២កើត ខែបុស្ស ត្រូវនឹងថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

យោងតាមប្រសាសន៍ លោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល បានប្រាប់អង្គភាព Fresh News ថា «ដោយសារការបង្ក្រាបបទល្មើស ក៏ដូចជាការចូលរួមពីមហាជនក្នុងការផ្ដល់ព័ត៌មានពីសកម្មភាពបទល្មើស ក៏ដូចជាការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធទៀតនោះ សបញ្ជាក់ថា ទិន្នផលត្រីនៅក្នុងឆ្នាំនេះ នឹងមានការកើនឡើងលើសពីឆ្នាំទៅ»

លោក ក៏បានបញ្ជាក់ផងដែរថា បើទោះបីស្ថានភាពកំពុងតែមានផលលំបាកក៏ពិតមែន ប៉ុន្តែការផ្គត់ផ្គង់ត្រីទឹកសាបនៅក្នុងស្រុក មិនមែនជាឧបសគ្គនោះទេ។

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់អញ្ជើញមកទិញត្រី តាមពេលវេលានិងទីកន្លែងដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

ទន្ទឹមនេះ រដ្ឋបាលជលផលសំណូមពរដល់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលជូន ដល់បងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ ស្នាក់នៅ និងដឹកជញ្ជូនផល ផលិតផលត្រី ដោយរលូនតាមការគួរ៕

ខាងក្រោមជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលជលផល៖