រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ណែនាំដល់មន្ត្រីក្រោមឱវាទក្រសួង បន្តរួបរួមគ្នាខិតខំប្រឹងប្រែងបំពេញភារកិច្ច ដើម្បីសម្រេចទិសដៅការងាររួម

23-12-2025 14:25

(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះបានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈមួយចំនួន រួមមាន៖ ការប្រកាសសមាសភាពថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលទើបតែងតាំងថ្មី វឌ្ឍនភាពការងារសំខាន់ៗក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដូចជាការងារវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្នុងក្រុងតាខ្មៅ និងការងារពាក់ព័ន្ធផ្សេងទៀត។

ថ្លែងនាឱកាសនោះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអបអរសាទរដល់ថ្នាក់ដឹកនាំ និងមន្ត្រីទាំង ១៦រូប ដែលបានទទួលការទុកចិត្ត និងតែងតាំងនៅក្នុងមុខតំណែងថ្មីនៅតាមបណ្តាអគ្គនាយកដ្ឋាន និងនាយកដ្ឋាន និងជំរុញដល់លោក លោកស្រី សូមបន្តនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យ និងទិសដៅការងារជូនក្រសួង។

ទាក់ទងនឹងបញ្ហាសង្គ្រាមឈ្លានពានដែល បង្កដោយកងទ័ពថៃមកលើកម្ពុជា លោករដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំក្រសួង បានថ្លែងអំណរគុណដល់មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគ ជាថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ បរិភោគ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចការមនុស្សធម៌ ក្នុងការគាំទ្រដល់វីរកងទ័ពជួរមុខ និងបន្ធូរបន្ថយការលំបាករបស់បងប្អូនជនភៀសសឹក ជាពិសេសដើម្បីជាតិមាតុភូមិយើង។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងពីកិច្ចការដោះស្រាយចំពោះមុខលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដោយសារសង្គ្រាមឈ្លានពានរបស់កងទ័ពថៃផងដែរ។

លោករដ្ឋមន្រ្តី បានណែនាំដល់ ថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តរួបរួមគ្នា និងខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យខ្ជាប់ខ្ជួនបន្ថែមទៀត ដើម្បីសម្រេចទិសដៅការងាររួមរបស់ក្រសួង និងរាជរដ្ឋាភិបាល ជាពិសេសសូមចូលរួមជាធ្លុងមហាសាមគ្គីជាតិខ្មែរ នៅក្នុងកាលៈទេសៈប្រទេសជាតិយើងត្រូវបានឈ្លានពានដោយបច្ចាមិត្ត៕