អភិបាលខណ្ឌច្បារអំពៅ ដឹកនាំមន្ត្រីចូលរួមដាំបន្លែ ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ និងពលរដ្ឋភៀសសឹក
23-12-2025 14:35
(ភ្នំពេញ)៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌច្បារអំពៅ និងលោកស្រី ព្រមទាំងមន្ត្រីរាជការរដ្ឋបាលខណ្ឌ សង្កាត់ និងសាលារៀន ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ បានចូលរួមយ៉ាងផុសផុល ជាមួយសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងចលនា «យើងរួបរួមគ្នាដើម្បីជាតិ» ដែលជាគំនិតផ្តួចផ្តេីមដ៏ឈ្លាសវៃបំផុត របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ម៉ូវ ម៉ានិត បានដឹកនាំមន្ត្រីរដ្ឋបាលខណ្ឌច្បារអំពៅ កាយឫទ្ធិនារីកម្ពុជា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស បាននាំគ្នារៀបចំដាំបន្លែដើម្បីប្រមូលផលជូនដល់វីរកងទ័ពកម្ពុជា កំពុងប្រយុទ្ធការពារទឹកដីពីសត្រូវសៀមឈ្លានពាន និងប្រជាពលរដ្ឋកំពុងភៀសសឹក ដោយសារសង្គ្រាមឈ្លានពានបូរណភាពទឹកដីកម្ពុជា ពីសំណាក់កងទ័ពថៃ។
លោក ញាណ ចាន់សោភា អភិបាលរងខណ្ឌ បានឱ្យដឹងថា ក្នុងចលនា «យើងរួបរួមគ្នាដើម្បីជាតិ» មន្ត្រីរាជការ នៃរដ្ឋបាលខណ្ឌ សង្កាត់ បានដាំបន្លែបានជាច្រើនរង ក្នុងនោះនៅវិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុន រ៉ានី ច្បារអំពៅ បានចំនួន ៣៦រង នៅសាលាបឋម សិក្សាក្តីតាកុយ បានចំនួន១០រង និងបានចុះពិនិត្យ វិទ្យាល័យអប់រំពិសេសផងដែរ។
យើងជាកងទ័ពជួរក្រោយ ត្រូវរួមគ្នាដាំបន្លែ ដំណាំហូបផ្លែនានា តាមគេហដ្ឋាន សាលារៀន វត្តអារាម សហគមន៍ រួចប្រមូលផលរួមគ្នាឱ្យបានច្រើនអនេក ដើម្បីបន្តរំលែកជូនសមរភូមិជួរមុខ៕



































